កំពង់ធំ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០៩.១៥នាទីព្រឹក កុមារាម្នាក់លង់ទឹកស្រះស្លាប់បង្កការភ្ញាក់ផ្អើល។
ហេតុការណ៍ខាងលើនេះកើតឡើងនៅចំណុចទឹក ស្រះក្រោយស្ថិតនៅភូមិសណ្ដាន់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្ដកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡុត សីហា ភេទប្រុស អាយុ០៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិឃុំកើតហេតុខាងលើ។
តាមការឆ្លើយបំភ្លឺរបស់ឈ្មោះ ឆុង មន ភេទស្រី អាយុ៦៨ឆ្នាំ នៅភូមិឃុំកើតហេតុ ជាជីដូនបង្កើតកុមារារងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុម៉ោងប្រហែល០៩ព្រឹក គាត់កំពុងជម្រះស្មៅមុខផ្ទះ ខណ:នោះគាត់បានទៅទិញនំទុករួចហើយដើររកកុមាររងគ្រោះឲ្យមកហូបនំតែរកពុំឃើញ គាត់សង្ស័យខ្លាចជនរងគ្រោះលង់ទឹកស្រះ ក៏ស្រែកហៅកូនចៅប្រុសៗ ឲ្យចុះរាវរកមើលក្នុងទឹកស្រះក្រោយផ្ទះ ហើយក៏ជួបសពជនរងគ្រោះតែម្ដង។
បន្ទាប់ពីទទួលបានពត៌មាន សមត្ថកិច្ច សហការជាមួយអាជ្ញាធរដែនដី បានចុះទៅកន្លែងកើតហេតុ ធ្វើការពិនិត្យសពឃើញថា សពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។ តាមការពិនិត្យកន្លែងកើតហេតុ និងសាកសពឃើញថាកុមារារងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកស្រះ។
ក្រោយត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យរួច សមត្ថ កិច្ចប្រគល់សពជូនក្រុមគមរយសារធ្វើបុណ្យតាមប្រពៃណី៕





































