ខេត្តព្រះសីហនុៈ អ្នកបើកបររថយន្តដឹកទំនិញធុនធំ(កុងតឺន័រ) សង្ស័យស្រវឹងស្រាជោកជាំបានបើករថយន្តរបស់ខ្លួន (កុងតឺន័រ) បើកលឿនបោះពួយដូចគេហោះក្នុងទីប្រជុំជនបណ្តាលអោយទៅបុកនិង រថយន្តកាំម៉ារីមួយគ្រឿងចំពីក្រោយយ៉ាងពេញទំហំបណ្តាលអោយធ្លាក់ចូល
ប្រឡាយក្រឡាប់ផ្ងារជើងឡើងលើធ្វើអោយមនុស្សនៅក្នុងរថយន្តចំនួន៣នាក់ រងរបួសធ្ងន់និងបន្តទៅបុកម៉ូតូ៣គ្រឿងទៀតដែលបើកបរនៅពីមុខដូចគ្នា រងការខូចខាតស្ទើរទាំងស្រុងបង្កអោយមនុស្ស៣ នាក់រងរបួសធ្ងន់រួមនិងអ្នកដើរហាត់ប្រាណ២នាក់ឪពុកកូន(ឪពុករបួសធ្ងន់ កូនប្រុសស្លាប់នៅនិងកន្លែងតែម្តង)។ រថយន្តបង្កហេតុក្រោយពីបុករះម៉ូតូនិងរថយន្តខាងលើរួចក៏បានទៅបុករះតូបអ្នកលក់គ្រឿងសមុទ្រចំនួនបី បួនតូបទៀត និងបង្កោលភ្លើងបណ្តាលអោយក្រឡាប់ខ្លួនឯងទៅមុខលែងរួចទើបឈប់ ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១៦និង០០នាទីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ នៅត្រង់ចំណុចខាងមុខស្ថានីយ៍រថភ្លើងស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ទាក់ទិននិងហេតុការណ៍នេះបើតាមសាក្សីនៅកន្លែងកើតហេតុជាច្រើនអ្នកបានប្រាប់អោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តបង្កហេតុបើកបរយ៉ាងលឿនរេចង្កូតពេញតែផ្លូវ បើចុះពីលើចំណាតលោកយាយម៉ៅលុះបើកមកដល់ចំណុចកើតហេតុក៏ស្រាប់តែបានបើកទៅបុករថយន្តនិងម៉ូតូដែលបើកស្របទិសគ្នានៅពីមុខរួមនិងអ្នកដើរហាត់ប្រាណពីរនាក់ឪពុកនិងកូនបង្កអោយគ្រោះថ្នាក់ដ៏អាក្រក់ដូចនេះទៅ ។
រថយន្តបង្កហេតុបន្ទាប់ពីបុករះម៉ូតូនិងរថយន្តខាងលើរួចក៏បានបន្ទាប់ទៅបុកតូបអ្នកលក់គ្រឿងសមុទ្រ ចំនួន៤តូបទៀតនិងបង្កោលភ្លើងក្រឡាប់ទៅមុខលែងរួចប៉ុន្តែសំណាងល្អ មនុស្សដែលនៅក្នុងតូបលក់គ្រឿងសមុទ្រទាំងនោះមិនមានអ្នកណារងរបួសអ្វីទេ រីឯអ្នកបើកបររថយន្តបង្កត្រូវជាប់នៅក្នុងរថយន្តរងរបួសធ្ងន់ ។ សមត្ថកិច្ចបានអោយដឹងថារថយន្តបង្កហេតុពាក់ផ្លាកលេខ 3A 6142 ភ្នំពេញជាកម្មសិទ្ធរបស់ក្រុមហ៊ុន អ៊ុយ មីញុយ បើកបរមិនស្គាល់ឈ្មោះ (រថយន្តរងការខូចខាតស្ទើទាំងស្រុង ចំណែករថយន្តរងគ្រោះម៉ាកកាំម៉ារីពាក់ផ្លាកលេខ 2A 4387 ព្រះសីហនុ មនុស្សបីនាក់នៅក្នុងរថយន្តរងរបួសធ្ងន់ រួមនិងម៉ូតូចំនួន៣គ្រឿងទៀត ។
បច្ចុប្បន្នរថយន្តបង្ក រថយន្តរងគ្រោះ និងម៉ូតូត្រូវបានសមត្ថកិច្ចរៀបចំស្ទួចយកទៅរក្សាទុកនៅការិយាល័យប៉ុលីសចរាចរណ៍ផ្លូវគោក ដោះស្រាយតាមផ្លូវច្បាប់ ហើយជនរងគ្រឿងដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះផងដែរ។ ចំណែកឯតឺកុងបង្កហេតុត្រូវបានសមត្ថកិច្ចបំពាក់ខ្នោះ ដៃនាំយកទៅមន្ទីរពេទ្យដើម្បីព្យាបាលមុននិងយកទៅធ្វើការសាកសួរ ៕




































