រាជធានីភ្នំពេញ៖ វ៉ាក់សាំង Sinopharm ចំនួន ១លានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីភាគីចិននោះ ខណៈនេះបានបញ្ជូនតាមជើងហោះហើរ មកដល់កម្ពុជាហើយ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បាននិយាយថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងពីប្រទេសចិន ចំនួន ៥លានដូស នៅក្នុងខែកក្កដាឆ្នាំ២០២១នេះ។ ប៉ុន្តែ នៅថ្ងៃ៦កក្កដានេះ កម្ពុជា ទទួលបាន ១លានដូស និងនៅថ្ងៃទី១០ កក្កដាខាងមុខនេះ ចំនួន ៤លានដូសទៀត ក្នុងនោះ ១លានដូស Sinopharm និង ៣លានដូសជា Sinovac។ ហើយនៅក្នុងខែសីហាឆ្នាំ២០២១ ខាងមុខនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ៤លានដូសបន្ថែមទៀត។
គិតត្រឹមថ្ងៃ៦កក្កាឆ្នាំ២០២១នេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុប ចំនួន ១២លាន និង២៤ម៉ឺនដូស (១២,០២៤,០០០)ដូសរួចមកហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះ មាន៖ ស៊ីណូហ្វាម Sinopharm ២លាន ២សែនដូស(២,២០០,០០០ )ដូស ដែលរដ្ឋាភិបាលចិន ផ្តល់ជំនួយដល់កម្ពុជា ,ជំនួយពីមជ្ឈមណ្ឌល COVAX(CoviShield) ចំនួន ៣២ម៉ឺន ៤ពាន់ដូស(៣២៤,០០០ ដូស)ដូស និង រាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញវ៉ាក់សាំងស៊ីណូវ៉ាក់ Sinovac ចំនួន ៧លាន ៥សែនដូស (៧,៥០០,០០០) ដូស និងស៊ីណូហ្វាម Sinopharm ចំនួន ២លាដូស (២,០០០,០០០) ដូស ៕





































