បាងកក៖ សារព័ត៌មាន The Nation បានចេញផ្សាយនៅថ្ងៃអង្គារនេះថា ក្រុមអ្នកពន្លត់អគ្គិភ័យនៅក្នុងប្រទេសថៃ នៅថ្ងៃអង្គារទី៦កក្កដានេះបានគ្រប់គ្រង និងពន្លត់អគ្គិភ័យ ដែលបានបង្កការផ្ទុះដ៏ធំ នៅរោងចក្រគីមីមួយកន្លែង នៅក្នុងស្រុកបាងភ្លី (Bang Phli) ខេត្តសាមុត ប្រាកាណ (Samut Prakan) ប្រទេសថៃ បន្ទាប់ពីត្រូវចំណាយពេលអស់ ២៦ម៉ោងនោះមក។ ដោយឡែក ប្រជាជនដែលត្រូវបានជម្លៀស ទៅរកទីដែលមានសុវត្ថិភាព នៅមិនទាន់ទទួលការអនុញ្ញាត ឲ្យវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅឡើយទេ រហូតមកទល់ពេលនេះ។
The Nation បានបន្តឲ្យដឹងទៀតថា ហេតុការណ៍ផ្ទុះរោងចក្រគីមីនេះ បានកើតឡើងនៅម៉ោងប្រមាណជា ២ និង៥០នាទីទាបភ្លឺ កាលពីថ្ងៃចន្ទ៥កក្កដាឆ្នាំ២០២១ នៅឯរោងចក្រគីមី មីង ឌីហ៍ (Ming Dih Chemical)។ The Nation បន្តទៀតថា ក្រុមអ្នកពន្លត់អគ្គិភ័យ បានទទួលជោគជ័យក្នុងការគ្រប់គ្រងសារធាតុគីមី និងពន្លត់អណ្តាតភ្លើងដែលឆាបឆេះយ៉ាងសន្ធោរសន្ធៅ ហើយរហូតមកទល់ពេលនេះ ពួកគេនៅតែបន្តបាញ់ទឹក នៅតាមទីតាំងមួយចំនួន ដើម្បីបញ្ចុះកម្ដៅ និងបង្ការកុំឲ្យផ្ទុះឡើងសាជាថ្មីទៀត។ ប៉ុន្តែ ទោះជាបែបនេះក្ដី ប្រជាជនដែលរស់នៅក្បែរ ឬមានចម្ងាយ ៥គីឡូម៉ែត្រពីកន្លែងផ្ទុះ មិនទាន់ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញនោះទេ លុះត្រាណាមានការធានាពីអាជ្ញាធរ ពីសុវត្ថិភាពទាំងស្រុងជាមុនសិន។
សារព័ត៌មាន The Nation បានបញ្ជាក់ថា បើតាមនាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយថៃ មានផ្ទះប្រជាជនយ៉ាងហោច ៧០ខ្នង និងយានយន្ត ១៥គ្រឿង បានរងការខូចខាតនៅក្នុងហេតុការណ៍ផ្ទុះ រោងចក្រគីមី (Ming Dih Chemical)។ រីឯអ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្តមា្នក់បានស្លាប់ និងមនុស្ស ២០នាក់ផ្សេងទៀត បានរងបួសនៅក្នុងការផ្ទុះរោងចក្រគីមីនេះ៕