កំពង់ចាម : ក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ២ខ្សែ ប្រវែង ៣.១៨៥ម៉ែត្រ ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម នាព្រឹក ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយមានការ ស្នេីសុំពី អាជ្ញាធរ មូលដ្ឋាន សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បាន ឯកភាព ផ្តល់ ផ្លូវ កៅស៊ូ ចំនួន ២ខ្សែ ដេីម្បី សម្រួល ដល់ ជីវភាព រស់ នៅ របស់ បងប្អូន ប្រជាពលរដ្ឋ តាម រយៈ ការ ដឹកជញ្ជូន កសិផល ទៅ កាន់ ទីផ្សារ និង ងាយស្រួល ក្នុង ការ ធ្វើ ដំណើរ ផងដែរ ។
ក្នុង ឱកាសនោះ ដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា តាម រយៈគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ មនុស្ស ទឹក ភ្លើង និង ផ្លូវ ជាក់ស្ដែង ថ្ងៃ នេះ យើង បាន ទទួល ផ្លូវ កៅស៊ូ ២ខ្សែ ដែលមានប្រវែង ៣.១៨៥ម៉ែត្រ ទទឹង ៦ម៉ែត្រ ចាប់ពីចំណុចភូមិចំការខ្ពប តភ្ជាប់ទៅភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម គឺ ត្រូវ ស្ថាបនា ត្រឹម រយៈពេល ៤ខែ ប៉ុណ្ណោះ។ នៅពេល ដែល ស្ថាបនា រួច សូម បងប្អូន ប្រជាពលរដ្ឋ ប្រេីប្រាស់ ផ្លូវ នេះ ដើម្បី បង្កេីន ប្រាក់ ចំណូលចូល ក្នុង គ្រួសារ ហើយ ត្រូវ ចូលរួមជួយ ថែរក្សា ឲ្យ បាន យូរអង្វែងផង។ ក្រៅពី នោះ សូមបងប្អូន ចូលរួម គាំទ្រ ដល់ អាជ្ញាធរយេីង ដេីម្បី បន្ត ការ អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ពន្ធ័ ក៏ដូចជា សមិទ្ធផលថ្មីៗ ជាច្រើន ទៀត ។
ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឲ្យបាន ខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ ៣កុំ និង២ចូលរួម តាម ប្រសាសន៍ ណែនាំ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ជាពិសេស ត្រូវ កែប្រែទម្លាប់នៃការរស់នៅ ឲ្យ សមស្របទៅតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់នូវវិធានការអនាម័យតាមការ ណែនាំ របស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺដ៏កាចសាហាវនេះ ។ ហេីយ សូមកុំ ឲ្យ មាន ការ អៀនខ្មាស បេីសិនជាមានសមាជិក ក្នុង គ្រួសារដែល សង្ស័យ ថាវិជ្ជមាន កូវីដ -១៩ នោះ សូម ប្រញាប់ រាយការណ៍ ទៅ អាជ្ញាធរ មូលដ្ឋាន ឬ បញ្ជូន គាត់ ទៅ កាន់ មន្ទីរពេទ្យ ភ្លាមៗ ដេីម្បី ធ្វើ ការ ព្យាបាល ឲ្យ ទាន់ពេលវេលា និង ដាក់ ផែនការ ទប់ស្កាត់ កុំឲ្យ រីក រាលដាល បន្ត ផងដែរ ៕





































