កិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការ រវាងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ក្នុងទិសដៅទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

កំពង់ឆ្នាំងៈនាព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២១ នៅសាលប្រជុំសាលាស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងមានបើកកិច្ចប្រជុំកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការ រវាងខេត្តកំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់ ក្នុងទិសដៅទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្ដម អម សុភា អភិបាល
រងខេត្តកំពង់ឆ្នាំងនិងជាប្រធានលេខាធិការដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តម
អ៊ឹង គឹមលាង អភិបាលរងខេត្ត និង ជាប្រធានលេខាធិការដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ ។
កិច្ចប្រជុំមានការចូលរួមពីអាជ្ញធរខេត្តកំពង់ឆ្នាំងនិងអាជ្ញាធរខេត្តពោធិ៍សាត់ចូលរួមផងដែរ។

ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និង ឯក
ឧត្តម អ៊ឹង គឹមលៀងអភិបាលរងខេត្តពោធិ៍សាត់ បានមាន
ប្រសាសន៍ថាៈ កន្លងមកអាជ្ញាធរខេត្តកំពង់ឆ្នាំង និង ខេត្ត
ពោធិ៍សាត់ កងកម្លាំងសមត្ថកិច្ច និង ក្រុមគ្រូពេទ្យគឺបានបំពេញបេសកកម្មយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងការប្រឆាំង ទប់ស្កាត់និង ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយដាក់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថា្នក់ បានចុះតាមដានជាប្រចាំនូវការចេញចូលរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្រៅពីនេះក៏បានចុះអប់រំផ្សព្វផ្សាយអំពីវិធាននាការនានារបស់រាជរដ្ឋាភិបាល៣កុំ ៣ការពារ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៅក្នុងសហគមន៍របស់ខ្លួន ដោយប្រកាន់ខ្ជាប់លាងសំអាតដៃនិងសាប៊ូ ឬ អាកុល ពាក់ម៉ាស់ គម្លាតសុវត្ថិភាព និង មិនត្រូវជួបជុំដែលមានមនុស្សច្រើននោះទេ ។

ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និង ឯក
ឧត្តម អ៊ឹង គឹមលៀង អភិបាលរងខេត្តពោធិ៍សាត់បាន
ជម្រុញដល់អាជ្ញាធរដែនដីត្រូវបន្តផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ធ្វើចត្តាឡីស័កត្រូវអត់ធ្មត់ និងគោរពតាមការណែនាំក្រសួងសុខាភិបាល ដោយស្នាក់នៅឲ្យបានគ្រប់កាលកំណត់រយៈពេល១៤ថ្ងៃ ដើម្បីធ្វើការតាមដានសុខភាព ព្រោះការធ្វើចត្តាឡីស័កបានត្រឹមត្រូវនឹងជួយឲ្យយើងមានសុវត្ថិភាពល្អ ចៀសផុតពីការចម្លងជំងឺកូវីដពីខ្លួនយើង ទៅក្រុមគ្រួសារ និង សហគមន៍ដែលខ្លួនរស់នៅ ។