រដ្ឋបាលខេត្តបន្ទាយមានជ័យសម្រេចយកទីតាំង៧កន្លែងដើម្បីដំណើរការចាក់វ៉ាក់សាំងជូនពលរដ្ឋ

បន្ទាយមានជ័យ៖ទីតាំង៧កន្លែងនៅតាមសាលារៀន វត្ត យោធាខេត្តនាសង្កាត់ទឹកថ្ល្លា អូរអំបិល ព្រះពន្លានិងកំពង់ស្វាយនាកណ្តាលក្រុងសិរីសោភ័ណត្រូវបានរដ្ឋបាលខេត្តបន្ទាយមានជ័យសម្រេចយក សម្រាប់ត្រៀមចាក់វ៉ាក់សាំងបង្ការមេរោគ/ជម្ងឺកូវូដ១៩ ជូនពលរដ្ឋចាប់ពីថ្ងៃទី៩ខែកក្កដាតទៅ នេះបើយោងលើកិច្ចប្រជុំនៅសាលាខេត្តបន្ទាយមានជ័យ និងចុះពិនិត្យរៀបចំទីតាំងនិមួយនាថ្ងៃទី៧ខែកក្កដាឆ្នាំ២០២១។ ពោលគឺក្រោយផ្ទុះការរីករាលដាលខ្លាំង ឆ្លងជម្ងឺនេះនៅក្នុងក្រុងនាសប្តាហ័មុននិងបន្តដល់ពេលនេះ ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ខេត្ត លោកឧ.ទោ ឈុន ម៉ៅ រងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ នៃយោធាភូមិភាគ លោកឧ ទោ សេង ចំរើន តំណាងលោកឧ ទោសេង ធារិន រងយោធភូមិភាគទី៥ -នាយសេនាធិការ ប្រធានក្រុមការងារចាក់វ៉ាក់សាំងនៃយោធភូមិភាគិ៥ លោកឧ ត្រី តឹក ប៊ុនធឿន រងយោធភូមិភាគទី៥និងប្រធានមន្ទីរសុខាភិបាលខេត្ត អភិបាលក្រុងស្រុក វេជ្ជបណ្ឌិត គ្រូពេទ្យយោធបានដឹកនាំនិងចូលរួម ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ វ៉ាក់សាំងដែលត្រូវចាក់ជូនប្រជាពលរដ្ឋ ក្នុងក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ មានចំនួនជាង៥០ ០០០នាក់ ដែលនឹងចាក់ជូនតាមគោលដៅនីមួយៗ តាមសង្កាត់ទាំងអស់ ហើយចាក់ដោយក្រុមគ្រូពេទ្យយោធា នៃយោធភូមិភាគទី៥ សហការជាមួយអាជ្ញាធរខេត្ត ក្រុង/សង្កាត់ ។
ឯកឧត្ដម បន្ថែមថា៖ វ៉ាក់សាំងដែលចាក់ជូនបងប្អូនយើងនាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។
ឯកឧត្ដម អ៊ុ រាត្រី ក្នុងនាមរដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន៕ដោយ៖ឃិន គន្ធា