អាមេរិកបានសម្រេចបង្កើនទាហាន អាកាសនៅភាគខាងជើងប្រទេសអូស្ដ្រាលី ជាផ្នែកមួយនៅក្នុងគម្រោងសហប្រតិ បត្ដិការការពារជាតិរបស់ប្រទេសទាំង ពីរ និងពង្រឹងកម្លាំងនៅតំបន់អាស៊ី- ប៉ាស៊ីហ្វិក ។ ការបញ្ជូនកម្លាំងទាហានទាំងនោះ ក្រោយពេលរដ្ឋមន្ដ្រីក្រសួងការពារជាតិ អាមេរិក លោកឆើក ហាហ្គែល និងរដ្ឋ មន្ដ្រីការបរទេស លោកចិន ឃើរីធ្វើ ទស្សនកិច្ចនៅទីក្រុងស៊ីដនី ហើយជួប ពិភាក្សាជាមួយសមភាគីអូស្ដ្រាលីឈាន ដល់ការឯកភាពព្រមព្រៀងខាងលើ ។ អាមេរិកបញ្ជូនកម្លាំងទាហានជើងទឹក មកអូស្ដ្រាលីដើម្បីចូលរួមការធ្វើសម យុទ្ធ និងហ្វឹកហ្វឺន ។
បច្ចុប្បន្នអាមេរិកមានកម្លាំង ទាហានជើងទឹកវាយឡើងគោល១១៥០ នាក់ឈរជើងនៅទីក្រុងដាវីន ហើយ អាមេរិកនឹងបង្កើនបន្ថែម២៥០០នាក់ ទៀតនៅឆ្នាំ២០១៧ ។ មន្ដ្រីយោធាប្រទេសទាំងពីរក៏បាន ឯកភាពគ្នាអនុញ្ញាតឱ្យទាហានជើងទឹក ជើងអាកាសអាមេរិកធ្វើសកម្មភាពនៅ ភាគខាងជើងប្រទេសនេះដែលមិនសូវ មានពលរដ្ឋរស់នៅទីនោះ ។ ប្រភពព័ត៌មានបានឱ្យដឹងថា យន្ដ ហោះទម្លាក់គ្រាប់របស់អាមេរិកបាន បង្ហាញវត្ដមាននៅទីនោះ ។ សកម្មភាព ខាងលើរបស់អាមេរិកបង្ហាញពីការសន្យា ធ្វើឱ្យមានតុល្យភាពយុទ្ធសាស្ដ្រនៅ តំបន់អាស៊ីប៉ាស៊ីហ្វិកនៅពេលដែលចិន កាន់តែបង្កើនឥទ្ធិពលយោធារបស់ខ្លួន ។
សកម្មភាពខាងលើរបស់អាមេរិក និងអូស្ដ្រាលីក្នុងគោលដៅទប់ទល់ឥទ្ធិ ពលរបស់ចិន ខណៈដែលចិនបានទាត់ ចោលយ៉ាងដាច់អហង្ការនូវសំណើ របស់អាមេរិកដែលបានអំពាវនាវឱ្យ គ្រប់ភាគីទាំងអស់ផ្អាកនូវរាល់សកម្ម ភាពទាំងឡាយណាពាក់ព័ន្ធនឹងជម្លោះ ប្រទាញប្រទង់គ្នានៅក្នុងសមុទ្រចិនខាង ត្បូង។ ទន្ទឹមគ្នានេះ ទីក្រុងប៉េកាំងក៏បាន ឆ្លៀតចោទទីក្រុងវ៉ាស៊ីនតោនពីបទ បានបន្ដចិញ្ចឹមភាពតានតឹងភូមិសាស្ដ្រ នយោបាយនៅក្នុងតំបន់។ គួរជម្រាបជូន ថាប្រតិកម្មខ្លាំងៗរបស់ចិនពេលនេះ បានធ្វើឡើងនៅក្រោយកិច្ចប្រជុំថ្នាក់រដ្ឋ មន្ដ្រីការបរទេសអាស៊ាននៅក្នុងប្រទេស មីយ៉ាន់ម៉ាកាលពីពេលកន្លងមក ។
វាពិតជាមិនចំឡែកទេដែលសង្គ្រាមពាក្យសម្ដីរវាងអាមេរិក និងចិនបាន ផ្ទុះជាថ្មីពាក់ព័ន្ធនឹងជម្លោះដែនទឹកនៅ ក្នុងសមុទ្រចិនខាងត្បូងដែលចិនកំពុង មានជម្លោះជាមួយបណ្ដាប្រទេសអាស៊ាន មួយចំនួន មានវៀតណាម ហ្វីលីពីន ប្រ៊ុយណេ និងប្រទេសម៉ាឡេស៊ី។ នៅ ឱកាសកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីការបរទេសអាស៊ាននៅក្នុងប្រទេសមីយ៉ាន់ម៉ានា ចុងសបា្ដហ៍កន្លងទៅ លោកប្រមុខការ ទូតអាមេរិកចន ឃើរីបានស្នើឱ្យភាគី ពាក់ព័ន្ធមានការអត់ធ្មត់ និងអំពាវនាវ ឱ្យមានកិច្ចព្រមព្រៀងជាលក្ខណៈពហុ ភាគីមួយដើម្បីបិទបញ្ចប់រាល់សកម្ម ភាពទាំងឡាយណាដែលនាំឱ្យស្ថានការណ៍កាន់តែធ្លាក់ដុនដាប ឬមួយក៏បង្កឱ្យ មានអស្ថិរភាពនៅក្នុងតំបន់ ។ តែសំណើ និងការអំពាវនាវរបស់ ប្រមុខការទូតអាមេរិកនេះត្រូវបានឆ្លើយ បកភ្លាមៗពីប្រមុខការទូតចិន លោក វ៉ាង យី។
នៅក្នុងសេចក្ដីជូនដំណឹងមួយ លោកវ៉ាង យី បាននិយាយចំៗថា «មាន ប្រទេសក្រៅតំបន់មួយចំនួនហាក់ដូច ជានៅមិនសុខ និងបានចូលខ្លួនមកផ្លុំ ពំនូកភ្លើងឱ្យកាន់តែឆេះសន្ធោសន្ធៅ ថែមទៀត។ តើទង្វើរបៀបនេះ មិនមែន ជាការបង្កឱ្យមានអស្ថិរភាពនៅក្នុង តំបន់ទេឬយ៉ាងណា?» ។