អភិបាលខេត្តកំពង់ចាម បានជំរុញដល់មន្ត្រីពាក់ព័ន្ធឲ្យរួមគ្នាទប់ស្កាត់ការរំលោភបំពាន លើដីព្រៃសហគម និងដីព្រៃដែននេសាទ

កំពង់ចាម : ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញ ដល់ មន្ត្រី ពាក់ព័ន្ធ ឲ្យ រួមគ្នា ទប់ស្កាត់ការរំលោភបំពាន លើដីព្រៃសហគម និងដីព្រៃដែននេសាទ តាមរយៈ ការចុះកំណត់ព្រុំប្រទល់ និងរៀបចំផែនទីការពារ ឲ្យបានច្បាស់លាស់ ។ ការស្នើឡើងនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត កំពង់ចាម នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ។

ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងថា កន្លងមក ក៏ធ្លាប់មានជនខិលខូច បានទន្ទ្រាន ឈូសឆាយយកដីព្រៃសហគម ក៏ដូចជា ព្រៃលិចទឹកដែននេសាទរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន ដោយជនខិលខូចទាំងនោះ តែងតែឆ្លៀតឱកាសធ្វើសកម្មភាព នៅពេលយប់ ពោលគឺ ធ្វើសកម្មភាពនេះ នៅពេលមន្ត្រីយើងសម្រាកពីការងារ ។ ជាមួយគ្នានោះ អាជ្ញាធរ ក៏ធ្លាប់បានធ្វើការដោះស្រាយទប់ស្កាត់ ទៅតាមវិធានការច្បាប់ផងដែរ ។ ដើម្បីកុំឲ្យទម្លាប់អាក្រក់នេះ កើតមានបន្តទៀត ស្នើឲ្យមន្ទីរដែនដី និងមន្ទីរធនធានទឹក សហការជាមួយអាជ្ញាធរ ចុះទៅកំណត់ព្រុំប្រទល់ ដើម្បី ការពារអាងស្តុកទឹកនៅចំណុច ឃុំព្រែកបាក់ នៃស្រុកស្ទឹងត្រង់ ដែលក្រុមប្រឹក្សាខេត្ត ស្នើឡើងនេះ ឲ្យបានច្បាស់លាស់ ។ ក្រៅពីនោះបន្ទាប់ពីការធ្វើការដោះស្រាយផលប៉ះពាល់ហើយ ឯកឧត្ដអភិបាលខេត្ត ក៏សុំឲ្យក្រុមការងារឡើងជាផែនទី រួចយកមកតំកល់ទុក នៅគ្រប់ស្ថាប័នពាក់ព័ន្ធ ក៏ដូចជា អាជ្ញាធរមូលដ្ឋាន ដើម្បី ក្រុមប្រឹក្សាឃុំសាមី បង្កើតតំបន់នោះទៅជាសហគមគ្រប់គ្រង និងប្រើប្រាស់ទឹក ដែលជាការបញ្ចៀស ទៅដល់ការបាត់បង់ ដោយប្រការណាមួយ ពីសំណាក់ជនខិលខូចផងដែរ ។ ដូចគ្នានេះដែរ ក៏សូមឲ្យមន្ទីរដែនដី មន្ទីរធនធានទឹក និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចុះទៅដល់ទីតាំងនោះ ដើម្បី ធ្វើការកំណត់ព្រុំការពារដែននេសាទ ឲ្យខាងតែបាន ។ ដូច្នេះ អាជ្ញាធរ និងស្ថាប័នជំនាញ ត្រូវមានយន្តការច្បាស់លាស់ ក្នុងការស្ដារបឹង ឬមេទឹក ឲ្យបានជ្រៅ ក្នុងតំបន់សហគមនីមួយៗ ដើម្បី រក្សាបានទឹកគ្រប់គ្រាន់ ទុកបំរើផលប្រយោជន៍សាធារណៈ ជូនដល់ប្រជាពលរដ្ឋ សម្រាប់ការងារបង្កបង្កើនផល ។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដែរថា កន្លងមក យើងក៏ធ្លាប់មានបទពិសោធន៍ ក្នុងបង្កើតនូវសហគមនេសាទ ស្ថិតនៅចំណុចបឹងធំ នៃស្រុកកំពង់សៀម ដែលមានផ្ទៃដីទំហំប្រមាណជាង ៧ពាន់ហិចតា និងបានបង្កើតទៅជាសហគមគ្រប់គ្រង និងប្រើប្រាស់ទឹកតំបន់នេះ បានជោគជ័យ រួចមកហើយ ផងដែរ ៕