វត្តចំនួនប្រាំ ក្នុងតំបន់បិទខ្ទប់ ទទួលបានបច្ច័យ និងសម្ភារៈហូបមួយចំនួន ពីអង្គភាពកងពលតូចលេខ៨

ព្រះវិហារ៖ លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បាននាំយកថវិកា និងសម្ភារៈមួយចំនួន របស់អង្គភាព ទៅវេរប្រគេនដល់វត្តចំនួនប្រាំ ក្នុងតំបន់បិទខ្ទប់ ក្នុងឃុំស្រអែម និងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ការនាំយកទៅប្រគេននេះ កាលពីរសៀលថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២១ ក្រោមវត្តមានចូលរួមពីលោកមេបញ្ជាការរង លោកនាយការិយាល័យ និងលោក មូល ម៉ាប់ មេឃុំកន្ទួតផងដែរ។

លោកវរសេនីយ៍ឯក ជា ឈុន បានឲ្យដឹងថា ថវិកាដែលនាំយកទៅប្រគេនដល់នៅក្នុងឱកាសនោះ សរុបចំនួន ១លានរៀល អង្ករ ១៥ការុង និងមី ២០កេះ បានមកពីការចលនាសាមគ្គី ដើម្បីជួយទំនុកបំរុងដល់ព្រះសង្ឃ លោកតាលោកយាយ នៅក្នុងគាលំបាក នៃការឆ្លងរាលដាលមេរោគកូវីដ-១៩ ចូលក្នុងសហគមន៍ ត្រូវបានរដ្ឋបាលខេត្តសម្រេចបិទខ្ទប់រយៈពេល១៤ថ្ងៃ។

រួមមានវត្ត៖ ស្រអែមរតនារាម (ហៅវត្តស្រអែម), វត្តព្រហ្មវិហារធម៌តេជោជប់រង្ស៊ីសរារាម (ហៅវត្តអង្គការអេដស៍), វត្តគីរីសារវ័ន្តខមរៈតេជោ (ហៅវត្តកងពលលេខ៨), វត្តចន្ទិការាម (ហៅវត្តកន្ទួត), វត្តសាមគ្គីមុន្នីចារាម (ហៅវត្តចារ្យ) ដោយក្នុងវត្តទទួលបាន អង្ករចំនួន ៣ការុង មី ចំនួន ២កេះ និងបច្ច័យ ១សែនរៀល៕ សួនលីណា