ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង ទទួលបានអំណោយមនុស្សធម៌ ពីអង្គការផ្លែន ដែលមានមូលដ្ឋាននៅក្នុងខេត្តស្ទឹងត្រែង សម្រាប់ការជួយទ្រទ្រង់ដល់ដំណើរការ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កាលពីថ្ងៃទី៨កក្កដាឆ្នាំ២០២១ នៅសាលាខេត្តស្ទឹងត្រែង។
ពិធីប្រគល់ និងទទួលអំណោយដែលជាជំនួយមនុស្សធម៌របស់ អង្គការផ្លែនប្រចាំកម្ពុជា នៅក្នុងពេលនោះ បានធ្វើឡើងក្រោមវត្តមាន អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ដែលមានការចូលរួមពី ប្រធានប្រតិបត្តិកម្មវិធីអង្គការផ្លែនអន្តរជាតិ ប្រចាំខេត្តស្ទឹងត្រែង លោក ផែន ប៊ុនភឿន មន្ត្រីសុខាភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនស្ថាប័ន ថែមទៀត។
អំណោយមនុស្សធម៌ ដែលរដ្ឋបាលខេត្តស្ទឹងត្រែង ទទួលបានពីតំណាងអង្គការផ្លែនអន្តរជាតិ នាពេលនោះ រួមមាន៖ គ្រែសម្រាប់ព្យាបាលអ្នកជំងឺ ៣០០គ្រែ ទឹកអាល់កុល ៣០០លីត្រ ម៉ាស់ ៣៥០០ម៉ាស់ ស្រោមដែរពេទ្យ ៥០០០គូ និងបរិសុទ្ធ ៣០០កេស ផងដែរ។
ប្រធានប្រតិបត្តិកម្មវិធី អង្គការផ្លែនអន្តរជាតិប្រចាំខេត្តស្ទឹងត្រែង លោក ផែន ប៊ុនភឿន បានថ្លែងថា ការប្រគល់ជំនួយមនុស្សធម៌របស់ អង្គការផ្លែនអន្តរជាតិ ប្រចាំខេត្តក្នុងពេលនេះ បន្ទាប់ពីបានមើលឃើញ ពីភាពខ្វះខាត និងការកើនឡើង នៃចំនួនអ្នកឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ លោកថា ជំនួយមនុស្សមនុស្សធម៌ ដែលប្រគល់ជូនរដ្ឋបាលខេត្តនាគ្រានេះ គឺសមស្របនឹងការប្រតិបត្តិការរបស់ អង្គការផ្លែនអន្តរជាតិ ដែលតែងតែបានចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការមនុស្សធម៌ និងកិច្ចការសង្គមនានាជាច្រើនទៀត ផងដែរ។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ អង្គការផ្លែនអន្តរជាតិ ប្រចាំខេត្តស្ទឹងត្រែង ដែលបានជួយឧបត្ថម្ភជាសម្ភារៈ និងចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌ ជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង នៅក្នុងពេលនេះ ក៏ដូចជានៅពេលកន្លងមក។
លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានថ្លែង ចាត់ទុកសកម្មភាពការចូលរួមក្នុងវិស័យមនុស្សធម៌របស់ អង្គការផ្លែនអន្តរជាតិ គឺពិតជាបានរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងបានជួយសម្រួលដល់ការខ្វះខាតមួយចំនួន របស់រដ្ឋបាលខេត្ត ក៏ដូចជាទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តស្ទឹងត្រែងទាំងមូល។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានមានប្រសាសន៍ទៀតថា រាល់ជំនួយមនុស្សធម៌របស់អង្គការផ្លែនអន្តរជាតិ និងអំណោយសប្បុរធម៌នានា ដែលបានឧបត្ថមគាំទ្រដល់រដ្ឋបាលខេត្តស្ទឹងត្រែងក្នុងពេលនេះ និងនៅពេលកន្លងមក រដ្ឋបាលខេត្ត នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅ ដែលសប្បុរសជនចង់បាន។
ស្របពេលជាមួយគ្នានោះ ក្រោយពីទទួលបានអំណោយពីអង្គការផ្លែនអន្តរជាតិរួចហើយ រដ្ឋបាលខេត្ត ក៏បានប្រគល់អំណោយដែលជាសម្ភារៈទាំងនោះ ជូនមន្ទីរសុខាភិបាលរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីយកទៅប្រើប្រាស់នៅតាមគោលដៅ មណ្ឌលចត្តាឡីស័កកម្រិត២ ដែលអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅទីនោះ។
សូមជម្រាបថា រដ្ឋបាលខេត្តស្ទឹងត្រែង ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ២នាក់ បន្ថែមទៀត ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ តាមរយៈការធ្វើតេស្តរហ័ស នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។
គិត្រឹមល្ងាចថ្ងៃ៨កក្កដា ខេត្តស្ទឹងត្រែង បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប ៣៧៥នាក់ ស្រី ១៧២នាក់ អ្នកជាសះស្បើយ ២៣នាក់ ស្រី ៩នាក់ និងអ្នកកំពុងសម្រាកព្យាបាល ៣៥២នាក់ ស្រី ១៦៣នាក់៕ដោយ៖ឡុង សំបូរ





































