ខេត្តរតនគិរី៖ ប្រសាសន៍ក្រើនរំលឹករបស់ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានធ្វើឡើងក្នុងគ្រា ដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យការលក់ដូររបស់ប្រជាពលរដ្ឋ ពិនិត្យមណ្ឌលចត្តាឡីស័ក និងការចុះត្រួតពិនិត្យ ការអនុវត្តន៍វិធានការរដ្ឋបាល នៅក្នុងដែនដីក្រុងបានលុង នៅយប់ថ្ងៃទី៨កក្កដា និងនៅថ្ងៃទី៩កក្កដាឆ្នាំ២០២១នេះ។
អភិបាលខេត្តរតនគិរី លោក ថង សាវុន បានមានប្រសាសន៍ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកវិជ្ជមានជំងឺកូវីដ-១៩ មានការធ្លាក់ចុះជាបន្តបន្ទាប់ មកត្រឹមតែ ៣នាក់ នៅថ្ងៃទី៨កក្កដា និង ចំនួន ២នាក់ នៅថ្ងៃទី៩កក្កដា ឆ្នាំ២០២១នេះ។ លោកថា នេះជាសញ្ញាវិជ្ជមានដ៏ល្អមួយ សម្រាប់វិធានការដែលបានដាក់ចេញអនុវត្តកន្លងមក និងការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី លោកថា លោកមានក្តីសង្ឃឹមយ៉ាងមុតមាំ ថានឹងមានលទ្ធផលល្អប្រសើរ ជាបន្តបន្ទាប់ទៀត។
អភិបាលខេត្តរតនគិរី លោក ថង សាវុន បានថ្លែង ក្រើនរំលឹកដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចងចាំជានិច្ចថា បើទោះបីជាចំនួនអ្នកវិជ្ជមានជំងឺកូវីដ១៩ មានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែ វត្តមាននៃមេរោគនេះ នៅតែបន្តរស់នៅជាមួយបរិយាកាសជុំវិញខ្លួនយើងជានិច្ច ដូច្នេះ ប្រសិនបើមានការធ្វេសប្រហែសតែបន្តិច អាចនាំឲ្យសភាពការវិលដូចដើមវិញ និងនាំទុក្ខដល់គ្រួសារយើង ដូចនេះសូមបងប្អូនបន្តអនុវត្តវិធានការ ការពារខ្លួនជាប់ជានិច្ច ដូចអ្វីដែលយើងបានអនុវត្តកន្លងមក។ លោក ថង សាវុន បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំសហការ និងការចូលរួមចំណែក ពីគ្រប់ភាគីពាក់ព័ន្ធ សប្បុរសជនទាំងអស់ ក្នុងពេលកន្លងមក ក៏ដូច នៅក្នុងគ្រាបច្ចុប្បន្ន ៕ដោយ៖ឡុង សំបូរ





































