ពលរដ្ឋ ព្រះសង្ឃ អាជីវករ ក្នុងក្រុងសិរីសោភ័ណ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

បន្ទាយមានជ័យ៖ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ ឯកឧត្តមឧត្តមសេនីយ៍ឯកផាន់ សាមន្ថា នាយរងសេនាធិការចម្រុះ ទទួលទិសសយោធភូមិភាគទី៥ ឯកឧត្តម សេង ធារិន មេបញ្ជាការរនាយសេនាធិការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានអញ្ជើញ ប្រកាសបើកយុទ្ធនាការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ពលរដ្ឋ ព្រះសង្ឃ និងកម្មករ អាជីវករ ទូទាំងក្រុងសិរីសោភ័ណ ដែលចាក់ដោយពេទ្យយោធា យោធភូមិភាគទី៥ នាថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២១នេះ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រសាន៍ថា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវវ៉ាក់ សាំងចាក់ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធាន សុខាភិបាល ឲ្យបានត្រឹមត្រូវ ទាំងមុនពេលចាក់ និង ក្រោយពេលចាក់ដូសទី១ រហូតដល់ថ្ងៃចាក់ដូសទី២ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ រហូតដល់ថ្ងៃកំណត់ ដែលគ្រូពេទ្យបានណែនាំនោះ ទើបវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា បើទោះបីជាបងប្អូនបានធ្វើការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ហើយក្ដី ក៏បងប្អូនត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងអនុវត្តវិធាន ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថា វ៉ាក់សាំងដែលចាក់ជូនបងប្អូនយើងនាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។
សូមបញ្ជាក់ថា ផែនការចាក់វ៉ាក់ក្នុងក្រុងសិរីសោភ័ណនេះប្រជាពលរដ្ឋ ជាង៥០០០០នាក់ លើ៤សង្កាត់ ក្នុងនោះបានកំណត់យកក្នុង១សង្កាត់មានទីតាំងចាក់សាំង២កន្លែង។
ទី១/ សម្រាប់ពលរដ្ឋនៅសង្កាត់ទឹកថ្លា ត្រូវទទួលការចាក់វ៉ាកសាំងនៅទីតាំងសាលាបឋមសិក្សាគាប។និងទីតាំងតំបន់ប្រតិបត្តិនារសឹករងខេត្ត(យោធាខេត្ត) ។២/ សង្កាត់អូរអំបិល នៅទីតាំងសាលាបឋមសិក្សាគោរដ្ឋាននិងទីតាំងតំបន់ប្រតិបត្តិនារសឹករងខេត្ត(យោធាខេត្ត។
ទី៣/ សង្កាត់ព្រះពន្លា នៅទីតាំងវត្តសមាធិ ភូមិ៤ និងនៅវិទ្យាល័យពុទ្ធកៈសម្តេចធម្មពោធិសាលជា ស៊ីម នាវត្តស្វាយចាស់ ភូមិ១ ។
និងទី៤/ សង្កាត់កំពង់ស្វាយ នៅទីតាំងសាលាបឋមសិក្សាហ៊ុនសែនសូភីភូមិសូភីនិងនៅសាលាបឋមសិក្សាប៉ោយសូភី ភូមិ២ ៕ដោយ៖ ឃិន គន្ធា