ព្រះវិហារ៖ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលស្រុកជាំក្សាន្ត ចេញសេចក្តីជូនដំណឹង ទៅកាន់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ស្តីពីអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០១នាក់ ត្រូវបានរកឃើញ នៅមណ្ឌលចត្តាឡីស័កកម្រិត១ វិទ្យាល័យតេជោ ហ៊ុន សែន ជាំក្សាន្ត មានឈ្មោះ ម៉ៅ សុភ័ក្រ្ត ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅ ភូមិផ្កូវ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដែលបានធ្វើដំណើរពីភ្នំពេញ មកចុះនៅទីរួមខេត្តព្រះវិហារ ហើយបានបន្តដំណើរដោយថ្មើជើង មកស្រុកជាំក្សាន្ត ប៉ុន្តែបានសុំឡានគេជិះតាមផ្លូវ មកចុះត្រង់ចំនុចផ្លូវបំបែកស្រអែមជាំក្សាន្ត ពេលនោះជួបគោយន្តប្រជាជន ក៏សុំជិះបន្តចូលដល់ផ្លូវបំបែកចំនុចទំនប់សីមា រួចបានចុះដើរបន្តទៀតចូលទៅទិញទំនិញក្នុងផ្សារជាំក្សាន្ត ក្រោយមកបានចូលទៅព្រៃ ក្មុងឃុំទឹកក្រហម ព្រមទាំងបានសុំបាយសម្លប្រជាពលរដ្ឋទីនោះហូបផងដែរ។
អាស្រ័យហេតុនេះ រដ្ឋបាលស្រុកជាំក្សាន្ត សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលទាំងអស់ ត្រូវទៅយកសំណាកនៅមណ្ឌលចត្តាឡីស័កកម្រិត១ វិទ្យាល័យតេជោ ហ៊ុន សែន ជាំក្សាន្ត ស្រុកជាំក្សាន្ត។
រដ្ឋបាលស្រុកជាំក្សាន្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តតាមការជូនដំណឹងនេះ អោយមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្ន អនុវត្តអោយបានខ្ជប់ខ្ជួននូវ វិធានការ ៣ការពារ ៣កុំ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានា របស់ក្រសួងសុខាភិបាលប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់៕





































