ខេត្តព្រះវិហារ៖អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ លោក ឈឿង មុនី , អនុប្រធានក្រុមការយុវជនបក្សប្រជាជនខេត្តព្រះវិហារ លោក អ៊ុយ សាគុណ បានដឹកនាំមន្ត្រីបក្ស និងយុវជនបក្សខេត្ត នាំយកអំណោយជាថវិកា ទៀនវស្សា និងគ្រឿងឧបភោគ បរិភោគមួយចំនួន របស់ទេសរដ្ឋមន្ត្រី មាស សុភា ដែលជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ ទៅប្រគេនព្រះសង្ឃដែលកំពុងគង់ចាំត្រីមាសក្នុងពុទ្ធសីម៉ា នៅក្នុងវត្តចំនួន ៨ កាលពីថ្ងៃទី១១កក្កដាឆ្នាំ២០២១ នៅក្នុងវត្តពហុរុក្ខពុទ្ធិធម្មកិត្យារាម (ហៅវត្តដងផ្លិត) ស្ថិតនៅក្នុងឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។ ពិធីនោះទៀត ក៏មានការចូលរួមពី អភិបាលស្រុកឆែប លោក សុខសាន្ត តារ៉ា ,មន្ត្រីបក្សស្រុក និងយុវជនបក្សស្រុកជាច្រើននាក់ ផងដែរ។
អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ លោក ឈឿង មុនី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ លោកទេស រដ្ឋមន្ត្រី មាស សុភា ក៏ដូច អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ចំពោះយាយជី តាជី ប្រជាពុទ្ធបរិស័ទ្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបន្តអនុវត្តន៍នូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការអនុវត្តវិធានការ ៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាល ឲ្យបានជាប់ជានិច្ច។ លោក ឈឿង មុនី បានជម្រុញអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ត្រូវបន្តអនុវត្ត និងពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាល និងការចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យមានប្រសិទ្ធភាពខ្ពស់។
បន្ទាប់មកថ្នាក់ដឹកនាំ ក៏បានអញ្ជើញប្រគេនទៀនវស្សា ថវិកា និងគ្រឿងបរិភោគ ដល់ព្រះចៅអធិការវត្ត ចំនួន ៨ នៅក្នុងស្រុកឆែប ដោយវត្តនីមួយៗ ទទួលបានថវិកា ៣០ម៉ឺនរៀល ,អង្ករ ៣៥០គីឡូក្រាម ,ទៀនព្រះវស្សា ២គូ ,មី ៥កេស ,ធូប ១ដុំធំ ,ស្លាដក់៣គូ ,ទឹកបរិសុទ្ធ ៥កេស ,ទឹកក្រូច ៥កេស ,សៀង ១កែវធំ ,ឆៃប៉ូវ ១កែវធំ ,ទឹកត្រី ៣យួរ ,ទឹកស៊ីអ៊ីវ ៣យួរ និងបានប្រគេនថវិកា ១លានរៀល ជូនវត្តដងផ្លិត សម្រាប់ជាបច្ច័យកសាង និងជូនតាជី យាយជី ៤០នាក់ ក្នុងមា្នក់ៗ ទទួលបានសារ៉ុង១ និងថវិកា ១ម៉ឺនរៀល ផងដែរ ៕
ដោយ៖ឡុង សំបូរ





































