ក្រសួងការបរទេសកម្ពុជា ចាត់វិធានការចំពោះក្រុមហ៊ុនបរទេស ឱ្យបញ្ឈប់ការយករូបអង្គរវត្ត ដាក់នៅលើផលិតផលរបស់ខ្លួន

នៅក្នុងលិខិតជូនព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសរសេរថា នៅខែកុម្ភះឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងពាណិជ្ជកម្មកម្ពុជា បានរួមគ្នាពិនិត្យឃើញថា មានផលិតផលអង្ករបរទេស ប្រើឈ្មោះ Angkor Wat Thar Hom Mail Jasmine Rice កំពុងចរាចរលក់តាមប្រព័ន្ធអនឡាញ ប្រើប្រាស់រូបប្រាសាទអង្គរវត្ត ដោយពុំមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។
ការខិតខំស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់ក្រសួងទាំងពីរ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ បានរកឃើញថា ម្ចាស់ផលិតអង្ករនេះ ជាក្រុមហ៊ុនឥណ្ឌា ឈ្មោះ Voyage India មានទីតាំងនៅរដ្ឋ Maharashtra នៃប្រទេសឥណ្ឌា។
ផ្អែកលើលទ្ធផលសហការស្រាវជ្រាវនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្រេចឲ្យស្ថានទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌា ចាត់វិធានការជាប្រញាប់ទៅលើភាគីឥណ្ឌា ឲ្យក្រុមហ៊ុន Voyage India បញ្ឈប់ជាបន្ទាន់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់របស់ខ្លួន ព្រោះទង្វើនេះប្រាសចាកនឹងច្បាប់ ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងប៉ារីស ស្តីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្មថែមទៀតផង។ ចំណែក ក្រុមហ៊ុនឥណ្ឌាមួយនេះ បានបញ្ឈប់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្ត លើសំបកវេចខ្ចប់របស់ខ្លួន តាមការតវ៉ារបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌាហើយ នៅថ្ងៃទី១២កក្កដាឆ្នាំ២០២១នេះ៕ ដោយ៖ ឡុង សំបូរ