កំំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នការដ្ឋាននគរបាលខេត្តកំបង់ឆ្នាំង និង មានការសម្រប សម្រួលនីតិវិធីពី ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរបានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ។
ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៥និង១៥នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិចំការតាម៉ៅ ឃុំ ស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលផែនបង្ក្រាបគ្រឿងញៀនបានអង្គភាពសារព័ត៌មានយើងដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ អ៉ី ពេជ្រ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ: កសិករ រស់នៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងដកហូតវត្ថុតាង ថ្នាំញៀនចំនួន០៣កញ្ចប់ ទម្ងន់ ២៥,៥៩ក្រាម ទូរស័ព្ទ០១គ្រឿង សម្ភារៈវេចខ្ចប់និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធី៕




































