ខេត្តកំពង់ឆ្នាំងៈ បច្ចុប្បន្ននេះល្បែងស៊ីសងគ្រប់ជំពូក ដូចជា កន្ទុយលេខ បៀ អាប៉ោង និងគ្រឿងញៀន បច្ចុប្បន្នបានកើតពេញបន្ទុកនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ហើយត្រូវបានគេរាយការណ៍មកថា៖ ពុំទាន់ឃើញមានមន្ត្រីនគរបាល
ឬសមត្ថកិច្ចពាក់ព័ន្ធ ចេញបង្ក្រាបអោយមានប្រសិទ្ធិភាពឡើយ ។

ប្រភពបែកធ្លាយចេញពីក្រុមអ្នកលេងតុងទីន បានរៀបរាប់អោយដឹងថា សាច់ញាតិជាកូនក្មួយរបស់លោក ជាង សុវណ្ណារិទ្ធិ អធិការស្រុកបរិបូណ៌ ចំនួន២នាក់ គឺជាអ្នកញៀនល្បែង បៀ មេតុងទីន ហើយបច្ចុប្បន្នបានក្លាយជាអ្នកចែកចាយគ្រឿងញៀន នៅក្នុងតំបន់ទៀតផង ។
ប្រភពពីក្រុមអ្នកលេងតុងទីនដដែលបានបន្តថា ដំបូងឡើយប្អូនប្រុសជាអ្នកចែកចាយ តែឥឡូវនេះចែកចាយលក់គ្រឿងញៀនទាំងបងទាំងប្អូនយ៉ាងកក្រើកក្នុងស្រុកបរិបូណ៌តែម្តង ។
សូមរម្លឹកថា អធិការស្រុកបរិបូណ៌ លោក ជាង វណ្ណារិទ្ធិ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅអោយចូលខ្លួនសាកសួរដំណើររឿងពុករលួយ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ នៅអង្គភាពប្រឆាំងអំពើពុករលួយរាជធានីភ្នំពេញម្តងរួចមកហើយ ដែលប្រភពអះអាងថា៖ អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅអធិការរូបនេះជក្រោយពីមានអ្នកចេញមុខ រាយការណ៍ពីភាពមិនប្រក្រតីជាច្រើនករណី ហើយអង្គភាពប្រឆាំងអំពើពុករលួយក៍បានបញ្ជូនមន្ត្រីអធិការកិច្ចរបស់ខ្លួន ចុះមកខេត្តកំពង់ឆ្នាំង ដើម្បីស៊ើបអង្កេត និងស្រាវជ្រាវ រួចមកហើយផងដែរ ។
សេចក្តីរាយការណ៍បានអោយដឹងផងដែរថា លោក ជាង វណ្ណារិទ្ធិ អធិការស្រុកបរិបូណ៌ធ្លាប់រងការចោទប្រកាន់ពីការជាប់ពាក់ព័ន្ធ បង្កើតអោយមានល្បែងស៊ីសងគ្រប់ប្រភេទ និង ការចរាចរណ៍គ្រឿងញៀន ជាថ្នូរនឹងការទទួលយកភាគរយពីជនល្មើស ។ កន្លងមកនេះ នៅក្នុងស្រុកបរិបួណ៌ គេសង្កេតឃើញមានកើតករណីចោរកម្មលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋដូចជាម៉ូតូ និងទ្រព្យសម្បត្តិផ្សេងៗទៀតជាច្រើនករណី មិនតែប៉ុណ្ណោះអធិការរូបនេះ បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ក្រៅប្រពន្ធ័ច្បាប់ជាច្រើនករណី បទល្មើសនេសាទ បទល្មើសព្រៃឈើ ក្នុងស្រុកបរិបូណ៌ទាំងមូល ត្រូវបានលោកអធិការប្រមូលលុយស៊ីដាច់កូនចៅជាច្រើនកន្លែង ហើយកន្លងមកនេះនៅក្នុងឆ្នាំ២០១០ ដល់២០១១ ខណៈពេលក្រសួងមហាផ្ទៃបានអនុញ្ញាតអោយបន្ថែមមន្ត្រីនគរបាលប៉ុស្តិ៍មូលដ្ឋាន គឺលោកអធិការស្រុក បានរើសយកអ្នកដែលមានលុយរត់ការក្នុងម្នាក់ៗ ចាប់ពី១ពាន់៥រយដុល្លាឡើងទៅ។

ដោយឡែក ប្រភពពត៌មានពីក្នុងអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ ក៏ធ្លាប់បានបង្ហើបអោយដឹងផងដែរថា ក្រោយពីមានការកោះអញ្ជើញ ហៅទៅសាកសួររបស់អង្គភាពប្រឆាំងអំពើពុករលួយរួចមក លោកជាង វណ្ណារិទ្ធិ អធិការនគរបាលស្រុករូបនេះ បានស្វះស្វែងដុតដៃដុតជើងអោយមន្ត្រីក្រោមឱវាទរបស់ខ្លួនផ្តិតមេដៃគាំទ្ររូបលោក និងបញ្ជាក់ថា លោកស្អាតស្អំ មិនមានពាក់ព័ន្ធ និងអំពើពុករលួយឡើយ តែទោះបីយ៉ាងណាក៍ដោយ ការផ្តិតមេដៃរបស់មន្ត្រីក្រោមឱវាទ គឺធ្វើឡើងដោយការទើសទ័លជាទីបំផុត ព្រោះ អ្នកក្រោមឱវាទនៅកោតញញើតអំណាច លោក ជាង វណ្ណារិទ្ធិ ហើយខ្លះគិតថា បើមិនផ្តិតមេដៃ ខ្លាចលោក ជាង វណ្ណារិទ្ធិ មិនត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាត់ការទេនោះ ពេលបានវិលមកវិញពិតជាពិបាកខ្លួនហើយ បើមិនបានផ្តិតមេដៃអោយនោះទេ ។
លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុទ្ឍី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់អោយដឹងថា លោកពុំទាន់បានទទួលសេចក្តីរាយការណ៍ពិតប្រាកដនៅឡើយទេ គ្រាន់តែលេខលឺថាមានករណីលេងល្បែងស៊ីសង ប៉ុន្តែពុំមានភស្តុតាងណាមួយជាក់លាក់នៅឡើយ លោកឧត្តមសេនីយ៍ត្រី បានបន្តអះអាងថា៖ លោកនឹងចាត់វិធានការស៊ើបអង្កេតរឿងនេះ អោយបានស៊ីជម្រៅ ព្រោះថា លោកមិនអនុញ្ញាតអោយមានល្បែងស៊ីសង និងបង្ក្រាបទប់ស្កាត់គ្រឿងញៀន អោយបានដាច់ខាត។
ពាក់ព័ន្ធនិងការចោទប្រកាន់ខាងលើនេះ អ្នកយកពត៌មានយើងមិនអាចសុំការអត្ថាធិប្បាយណាមួយពីលោកជាងសុវណ្ណារិទ្ធិ អធិការស្រុកបរិបូណ៌មាននៅឡើយទេ កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ ៕ ដោយ សុខ គឹមសៀន



































