ស្ថាប័នអយ្យការ និងសាលាដំបូងខេត្តព្រះវិហារ បាននាំយកបរិក្ខាពេទ្យ និងគ្រឿងឧបភោគ បរិភោគ ទៅឧបត្ថម្ភដល់អង្គភាពពន្ធនាគារខេត្ត ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ !

ខេត្តព្រះវិហារ៖ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិន្ទថាល់ បានចាត់មន្ត្រីក្រោមឱវាទ នាំយកអំណោយជាសម្ភារៈសុខាភិបាល និងជាគ្រឿងឧបភោគ បរិភោគ ទៅឧបត្ថម្ភដល់អង្គភាពពន្ធនាគារខេត្ត ដើម្បីចាត់ចែង និងទុកប្រើប្រាស់តាមតម្រូវការចាំបាច់ នៅក្នុងដំណាក់កាល នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងបន្តឆ្លងចូលក្នុងសហគមន៍ ដ៏គួរឲ្យព្រួយបារម្ភ នាគ្រានេះ។

  ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក សេង ម៉េងស្រ៊ុន ,លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ រួមនឹងមន្ត្រីអយ្យការ និងសាលាដំបូងខេត្ត ជាច្រើននាក់ទៀត នៅថ្ងៃទី១៣កក្កដាឆ្នាំ២០២១នេះ ក្រោយទទួលបានការចង្អុលបង្ហាញពី ព្រះរាជអាជ្ញាខេត្ត លោក ទី សុវិន្ទថាល់ រួចមក បាននាំយកអំណោយខាងលើនោះ ទៅប្រគល់ជូនអង្គភាពពន្ធនាគារខេត្ត ដែលសម្ភារៈទាំងនោះ រួមមាន៖ ម៉ាស់ ២៥០០ម៉ាស់ ,ទឹកអាល់កុល ,មី ,ត្រីខកំប៉ុង និងទឹកស៊ីអ៊ីវជាច្រើនយួរ ផងដែរ។

  ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក សេង ម៉េងស្រ៊ុន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខដល់មន្ត្រីអនុរក្សពន្ធនាគារទាំងអស់ ពីសំណាក់ប្រធានអយ្យការខេត្ត លោក ទី សុវិន្ទថាល់ និងប្រធានសាលាដំបូងខេត្តព្រះវិហារ លោក យុត ពន្លឺ និងលោក សេង ម៉េងស្រ៊ុន រួមជាមួយ លោក វុធ សាវី បានថ្លែងក្រើនរំលឹកដល់មន្ត្រីអនុរក្សពន្ធនាគារខេត្តទាំងអស់ ឲ្យបន្តបង្កើនការប្រុងប្រយ័ត្នឲ្យបានជាប់ជាប្រចាំ និងការបន្តចូលរួមអនុវត្ត តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងការអនុវត្តតាមវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបានហ្មត់ហ្មងបំផុត ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ទាំងអស់គ្នា ដោយត្រូវការពារកុំឲ្យឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ពីខ្លួនយើង ទៅក្រុមគ្រួសារ និងការឆ្លងចូលទៅក្នុងសហគមន៍បានឲ្យសោះ។

  ប្រធានពន្ធនាគារខេត្តព្រះវិហារ លោក យន់ ម៉ានី បានថ្លែង អំណរគុណ ចំពោះស្ថាបន័អយ្យការ និងសាលាដំបូងខេត្តព្រះវិហារ ដែលតែងបានគិតគូ យកចិត្តទុកដាក់មកដល់អង្គភាពពន្ធនាគារខេត្ត និងបានជួយឧបត្ថម្ភអំណោយ ដែលជាសម្ភារៈ បរិក្ខាសុខាភិបាល និងគ្រឿងឧបភោគ បរិភោគជាច្រើនមុខ ជាបន្តបន្ទាប់ដល់ពន្ធនាគារ ក៏ដូចជា មន្ត្រីអនុរក្សទាំងអស់ នៅក្នុងដំណាក់កាល នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។

  គួរបញ្ជាក់ថា កាលពីថ្ងៃទី១២កក្កដាឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៤នាក់បន្ថែមទៀត ស្រី ១នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ តាមរយៈការធ្វើតេស្តរហ័ស នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងក៏មានអ្នកជាសះស្បើយចំនួ ៨នាក់ ស្រី ៤នាក់ ផងដែរ។

  រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ថា គិត្រឹមល្ងាចថ្ងៃ១២កក្កដា ម្សិលមិញនេះ ខេត្តព្រះវិហារ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ២៣២នាក់ ស្រី ៨៨នាក់ កុមារី ២២នាក់ ជាសះស្បើយ ៨៤នាក់ ស្រី ២៥នាក់ កុមារី ១៣នាក់ មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន ១នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ១៤៨នាក់ ស្រី ៦៣នាក់ និងកុមារី ៩នាក់ ៕