បង្រ្កាប សាច់ និងគ្រឿងក្នុងសត្វជ្រូកចំនួន ២,១១៣គីឡូក្រាម នៅប៉ោយប៉ែត

បន្ទាយមានជ័យ ៖សាច់ និងគ្រឿងក្នុងសត្វជ្រូកចំនួន ២,១១៣គីឡូក្រាម ត្រូវបានបង្ក្រាប នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅភូមិអូរជ្រៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កាឃាត់ចាប់នេះធ្វើឡើង ក្រោមការបញ្ជាដោយផ្ទាល់ពីឯកឧត្តមតាន់ ផាន់ណារ៉ាប្រតិភូរាជារដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាមកយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយក្រុមការងារអន្តរាគមន៌បង្ក្រាបបទល្មើសចរាចរសត្វ ផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលនីតិវិអីពី ឯកឧត្តម កើត វណ្ណារ៉េត អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ព្រះរាជអាជ្ញារង គង់ សំសារ៉េតជាអ្មកដឹកនាំសម្របសម្រួលផ្ទាល់ ចុះត្រួតពិនិត្យទីតាំងមួយកន្លែងស្ថិតនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រុមការងារបានរកឃើញសាច់ និងគ្រឿងក្នុងសត្វជ្រូកចំនួន ២,១១៣គីឡូក្រាម មានដូចជា៖ក្បាលជ្រូក = ៦ក្បាល = ២៨គីឡូក្រាម/ជើង = ១១៣ថង = ៥៦៤គីឡូក្រាម/ពោះវៀន = ៧២ថង = ២៨៨គីឡូក្រាម/បេះដូង = ៣៣ថង = ១១៥គីឡូក្រាម/ក្រពះ = ៤៥០គីឡូក្រាម/គ្រឿងក្នុងលាយក្បាល = ១៩បាវ = ៥៣២គីឡូក្រាម/សាច់លាយឣណ្ដាត = ៣៩ថង = ១៣៦គីឡូក្រាម។
សមត្តកិច្ចប្រាប់ថា សាច់ និងគ្រឿងក្នុងសត្វជ្រូកនេះនាំចូលមកពីប្រទេសថៃឡង់ដ៍ តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រាប់ចែកចាយបន្តតាមខេត្តផ្សេងៗ ពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តំណាងម្ចាស់សត្វឈ្មោះ ទេព សុភាព ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រុមការងារបានបញ្ជូនវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ដោយ៖ ឃិន គន្ធា