ខេត្តកំពង់ធំ៖ ជាការពិតណាស់ ការចាប់មុខរបរ ជាអ្នកវិចនំខ្មែរលក់ អាចតែមានការនឿយហត់ សាំយ៉ាំច្រើនបន្តិច តែអាចធ្វើឲ្យមានជីវភាពធូរធារ ទាំងការដោះស្រាយការហូបចុកប្រចាំថ្ងៃ និងការដោះបំណុលនៅធានាគារ បានយ៉ាងស្រួល ដែលចំណូលទាំងនេះគឺបានពីការ លក់នំប៉ោះដុំបន្តឲ្យទៅអ្នកលក់រាយក្នុងផ្សារស្ទឹងសែន ក្នុងខេត្តកំពង់ធំ។
បងស្រី ដួងរឿន អាយុ ៤៨ឆ្នាំ រស់នៅក្នុងភូមិប្រម៉ាត់ដី សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានឲ្យដឹងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ថា បងស្រីបានចាប់មុខរបរ ជាអ្នកវិចនំលក់តាំងពីបងស្រីរៀបការមកម្លេះ ដោយចំណេះវិជ្ជាវិចនំនេះគឺបាន ម្តាយបងស្រីបង្រៀបបន្តមក រហូតមកដល់ពេលនេះគឺជាង១៥ឆ្នាំមកហើយ បើទោះបីជាការធ្វើនំមានការពិបាក បន្តិចតែជាការពេញននិយមរបស់បងប្អូនប្រជាជនខ្មែរ ដែលចូលចិត្តពិសារនំខ្មែរ ហើយក៏លក់អស់មិនដែលសល់នោះទេ ។
បងស្រីបានបញ្ជាក់ថា សម្រាប់នំដែលបោះឲ្យម៉ូយជាងរៀងរាល់ថ្ងៃ មាននំអន្សមជ្រូក នំអន្សមចេក អន្សមដូង នំអន្សមត្នោត នំអាកោត្នោត ចំណែកនំទាំងនេះ គឺតំម្រូវការទៅផ្សាររហូត ដោយមានអតិថិជនបានទិញយកទៅ ពិសារ ឬយកទៅប្រារព្វពិធីផ្សេងៗ បើទោះបីជម្ងឺកូវិដ១៩ ឆ្លងរាតត្បាត ក៏ចំនួននៃការកាម៉ងទិញមានការកើនឡើង និងអាចរកចំណូលចាប់ពី ១៥ទៅ២០ម៉ឺនរៀលក្នុងមួយថ្ងៃ ផាត់ថ្លៃអង្ករ ដូង ស្ករស ស្លឹកចេក និងសម្ភារវិចខ្ចប់ឯទៀត។
បងស្រីបានរំលឹកថា ការវិចនំនេះ គឺត្រូវបានធ្វើឡើងដោយ វត្ថុធម្មជាតិពិត ពុំមានការប្រើប្រាស់ សារធាតុខេមី និងសារធាតុហាមឃាត់នោះឡើយ ហើយការផលិតនំនេះ ត្រូវបានចាប់ផ្តើមតាំងពីម៉ោង៧ព្រឹករហូតដល់រសៀលម៉ោង៣ ទើបអាចទំនេរពីការងារ ដោយប្រើប្រាស់កម្លាំងចូលរួមផលិតនំខ្មែរនេះ មានចំនួន៦នាក់ គឺកូនស្រីនិងកូនប្រសារ ដែលបានរៀបចំតាមតួនាទីរៀងខ្លួន អ្នកវិចនំ៤នាក់ អ្នករៀបស្លឹក អ្នកស្ងោរ ២ នាក់ ទើបអាចផលិតតាមតំម្រូវការរបស់ ម៉ូយបានទាន់ ។
ដោយ ប៊ុន វាសនា