មន្រ្តីការិយាល័យ ផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម ខេត្ត ព្រះសីហនុ ចុះត្រួតពិនិត្យ បណ្ដុំអាជីវកម្ម ចិញ្ចឹមមាន់ នៅឃុំជើង គោ និងឃុំ ទួលទទឹង ស្រុកព្រៃនប់

បន្ទាប់ពីបានទទួលដំណឹងពីកសិករចិញ្ចឹមមានថា មានមាន់មួយចំនួនមានអាការៈ”សំកុក រួញក”ក្រោយពីបានចែកជូនយកទៅចិញ្ចឹមទុកគ្រាន់ដោះស្រាយជីវភាព។

ការចុះពិនិត្យនេះបានធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដឹកនាំដោយ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ។
មន្ត្រីជំនាញសន្និដ្ឋានបឋមថា វាមិនមែនមានជំងឺអ្វីទេ។អាការៈបែបនេះអាចបណ្តាលមកពីកូនមាន់ទាំងនោះវាត្រូវភ្លៀងហើយ អ្នកចិញ្ចឹមមិនបានដាក់វាអោយនៅកន្លែងមានកំដៅគ្រប់គ្រាន់។
ជាមួយគ្នានេះមន្ត្រីជំនាញបានផ្តល់ការណែនាំអំពីបច្ចេកទេសថែទាំ សំអាត អនាម័យកន្លែងចិញ្ចឹម និងបានផ្តល់ថ្នាំមួយចំនួនសម្រាប់ដាក់អោយមាន់ផឹកផងដែរ។

គួរបញ្ជាក់ថាស្របពេលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៏ ផលប៉ះពាល់សេដ្ឋកិច្ចសង្គមក៏លបានកើតឡើងដែរជាពិសេសការប៉ះពាល់ជីវភាពប្រជាកសិករតាមមូលដ្ឋានជនបទ។
ស្ថិតក្នុងបរិបទនេះមន្ទីរកសិកម្មខេត្តព្រះសីហនុ តាមការចង្អុលបង្ហាញ ពីថ្នា់ដឹកនាំបានចាត់ចែងផ្តល់ជាពូជមាន់និងដំណាំផ្សេងៗរូមទាំងបច្ចេកទេសចិញ្ចឹមនិងដាំដុះផងដើម្បីជួយកសិករតាមជនបទចិញ្ចឹមនិងដាំដំណាំជាលក្ខណៈគ្រួសារសម្រាប់សម្រួលជីវភាពប្រចាំថ្ងៃ។

កសិករចិញ្ចឹមមាន់និងដាំដំណាំនៅស្រុកព្រៃនប់ បានថ្លែងអំណរគុណចំពោះមន្ទីរកសិកម្មខេត្តនិងអភិបាលខេត្តព្រះសីហនុ ដែលបានយកចិត្តទុកដាក់លើជីវភាពកសិករតាមជនបទដោយបានផ្តល់ជាពូជមាន់ ដំណាំបម្លែ ថ្នាំសង្កូវ និងបច្ចេកទេសចិញ្ចឹមនិងដាំដុះដល់ពួកគាត់។