ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ដាស់តឿនបែបនេះ ក្នុងគ្រាដែលលោកអភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ៣១១ អនក្រ.តត ចុះថ្ងៃទី២៤មិថុនាឆ្នាំ២០២១ ស្តីពីការតែងតាំង លោក យុង គឹមហ៊ាន ជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ដើម្បីធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាព នៃការគ្រប់ការងារក្នុងរដ្ឋបាលខេត្តព្រះវិហារ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅ ថ្ងៃទី១៥កក្កដាឆ្នាំ២០២១នេះ នៅសាលាខេត្តព្រះវិហារ។
យោងតាមអនុក្រឹត្យលេខ ៣១១ អនក្រ.តត ចុះថ្ងៃទី២៤មិថុនាឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ បានសម្រេចតែងតាំលោក យុង គឹមហ៊ាន ជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ជំនួស លោក គោស៊ុ ប៊ុនសឿត ដែលដល់អាណត្តិការងាររយៈពេល៨ឆ្នាំ និងរាជរដ្ឋាភិបាល បានផ្តល់ទំនុកចិត្ត សម្រេចតែងតាំង និងផ្លាស់ប្តូរ លោក គោស៊ុ ប៊ុនសឿត ឲ្យទៅបំពេញភារកិច្ចថ្មី ជាអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន នោះវិញ។
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ ដាស់តឿនដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង-ស្រុក រួមទាំងមន្ត្រីរាជការ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេស អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោក យុង គឹមហ៊ាន ដែលទើបត្រូវចូលកាន់មុខតំណែងថ្មី នាពេលនេះ ត្រូវរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង និងការរួបរួមសហការគ្នា ដើម្បីអនុវត្តការងារសំខាន់ៗ ជូនជាតិ មាតុភូមិ ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា។
លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានជម្រុញ អភិបាលរងខេត្តថ្មី ក៏ដូចមន្ត្រីទាំងអស់ ត្រូវចូលរួមអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ដោយយកចិត្តទុកដាក់លើការពង្រឹងខឿនការពារសុខភាព និងសុខមាលភាពប្រជាពលរដ្ឋជាចម្បង ទាំងជីវភាពរស់នៅ និងអាជីវកម្ម ពិសេស ការចូលរួមចំណែក ក្នុងការគៀងគរថវិកា ធនធាននានា ដើម្បីជួយឧបត្ថម្ភ គាំទ្រដល់មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល ,ត្រូវបន្តរួមគ្នាថែរក្សា ការពារសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គមឲ្យបានល្អប្រសើរ ,ត្រូវលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅទូទាំងខេត្ត ទប់ស្កាត់ឲ្យបានរាល់សកម្មភាពបង្ករអសន្តិសុខនានា បញ្ហាគ្រឿងញៀន និងបទល្មើសគ្រប់ប្រភេទ ដោយជម្រុញការផ្សព្វផ្សាយ នូវលក្ខណៈសម្បត្តិ នៃគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ,ត្រូវបន្តយកចិត្តទុកដាក់រៀបចំសោភណ្ឌភាព សណ្តាប់ធ្នាប់ អនាម័យ ការប្រើប្រាស់ផ្លូវ ចិញ្ចើមផ្លូវសាធារណៈ ការគ្រប់គ្រងការសាងសង់ ការរៀបចំសណ្តាប់ធ្នាប់អគាររដ្ឋបាល ពិសេស ការអនាម័យខាងក្នុង និងនៅជុំវិញផ្សារ និងនៅតាមទីប្រជុំជននានា និងត្រូវបន្តជម្រុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់ រាជរដ្ឋាភិបាល ឲ្យមានវឌ្ឍនភាពតាមផែនការកំណត់។
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានបន្តជម្រុញ លោក យុង គឹមហ៊ាន អភិបាលរងខេត្តថ្មី ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមានរបស់ រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ,ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង នៅក្នុងជួរគណៈអភិបាល ក្រុមប្រឹក្សា និងមន្ត្រីក្រោមឱវាទរដ្ឋបាលខេត្ត ,ត្រូវខិតខំបំពេញការងារដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ជាពិសេស ត្រូវសហការឲ្យបានល្អ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីអនុវត្តនូវកម្មវិធីរបស់ រាជរដ្ឋាភិបាល ក្នុងទិសដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គម ,ត្រូវខិតខំយកចិត្តទុកដាក់បម្រើការងារឲ្យអស់ពីកម្លាំងកាយចិត្ត បញ្ញាញាណ និងប្រាជ្ញាស្មារតី ដែលថ្នាក់ដឹកនាំខេត្ត និងក្រសួងបានដាក់ជូន ដើម្បីបំពេញការងារជូនតម្រូវការប្រជាពលរដ្ឋ ឲ្យកាន់តែខ្លាំងក្លាថែមទៀត និងត្រូវចូលក្នុងកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាក្រសួង ស្ថាប័ន អង្គភាពរដ្ឋ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីវឌ្ឍនភាព និងការអភិវឌ្ឍន៍ខេត្តព្រះវិហារ ឲ្យកាន់តែមានសោភណ្ឌភាពស្រស់បំព្រង និងការរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍន៍ជាតិ ដែលមានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី និងជាអគ្គមគ្គុទេសន៍ដ៏ត្រឹមត្រូវរបស់កម្ពុជា ៕ដោយ៖ឡុង សំបូរ





































