អាជ្ញាធរខេត្តស្ទឹងត្រែង ដាក់វិធានការរឹតបន្តឹងលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានជលផល នៅតាមដងទន្លេ ដើម្បីថែរក្សាពូជត្រីកម្រច្រើនប្រភេទ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង!

ខេត្តស្ទឹងត្រែង៖ ការដាស់តឿនដល់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ឲ្យរួមគ្នាទប់ស្កាត់ និងបង្ក្រាបចំពោះជនប្រព្រឹត្តបទល្មើសនេសាទ នៅក្នុងរដូវបិទការនេសាទរបស់ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានធ្វើឡើងក្នុងពេលដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ និងមន្ត្រី នៃមន្ទីរជំនាញ ចុះពិនិត្យស្ថានភាពទូរទៅ នៅតាមដងទន្លេសេសាន និងទន្លេស្រែពក ផ្នែកខាងលើតំបន់វ៉ារីអគ្គិសនីសេសានក្រោម២ ដើម្បីពិនិត្យមើលការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តឃុំស្រែគរ និងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤កក្កដាឆ្នាំ២០២១។
នៅក្នុងដំណើរចុះពិនិត្យពីស្ថានភាពទន្លេសេសាន ទន្លេស្រែពក និងការរស់នៅរបស់ប្រជាពលរដ្ឋនាគ្រានោះ លោក ម៉ុម សារឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានណែនាំដល់មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ពន្ធ័ទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋ ឲ្យបានដឹងច្បាស់ អំពីច្បាប់នានា ដែលជាការល្មើសបំពាន និងការធ្វើនេសាទដោយខុសច្បាប់។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានមានប្រសាសន៍ ដោយជម្រុញមន្ទីរជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នារឹតបន្តឹង និងបង្ក្រាបទៅលើការប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ នៅក្នុងរដូវបិទការនេសាទនេះ ឲ្យបានទាន់ពេលវេលាបំផុត ដើម្បីបង្ការ និងការពារបាន នូវធនធានធម្មជាតិ ត្រីមេពូជកម្រៗ ជាច្រើនប្រភេទ ដែលមានក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង យើងនេះ ។
លោក ម៉ុម សារឿន បានបន្តជម្រុញ ឲ្យមានការផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិ ពិសេស គ្រោះទឹកជំនន់ ដែលអាចនឹងកើតមាននៅក្នុងរដូវវស្សា ភ្លៀងធ្លាក់ជោគជាំនេះ ប្រសិនបើមានការធ្វេសប្រហែស ឬការបណ្តែតបណ្តោយនោះ វាអាចបង្ករការគ្រោះថ្នាក់ ចំពោះកូនចៅតូចៗ លង់ទឹក ឬសត្វអសិរពិសទិច ឬខាំ ហើយប្រសិនបើមានករណីនេះកើតឡើង ត្រូវប្រញ៉ាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា និងក៏ត្រូវប្រកាន់ភ្ជាប់ នូវការហូបស្អាត ផឹកទឹកស្អាត និងការរស់នៅស្អាត ប្រកបដោយការអនាម័យខ្ពស់។
ស្របជាមួយគ្នានោះ លោកអភិបាលខេត្តស្ទឹងត្រែង ក៏បានឧបត្ថម្ភបង្គោលផ្ទាំងសូឡា (ប្រើពន្លឺព្រះអាទិត្យ) ចំនួន២សម្រាប់ អង្ករ ៣បាវ មី១០កេស ពងទា ១៥០គ្រាប់ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ និងថវិកា១លានរៀល ជូនដល់មន្រ្តីឆ្មាំអភិរក្សជលផល ដែលមានស្នាក់ការប្រចាំការ នៅក្នុងភូមិសាស្ត្រនោះផងដែរ៕ដោយ៖ឡុង សំបូរ