ខេត្តពោធិ៍សាត់៖ រថយន្តរ៉េវពីរគ្រឿង ដែលកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រឹបអូសបានពីក្នុងតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នាពេលកន្លងទៅថ្មីៗនេះ នៅថ្ងៃទី១៥កក្កដាឆ្នាំ២០២១នេះ ត្រូវបានដុតកម្ទេចចោលនោះហើយ ដើម្បីកាត់បន្ថយការកាប់បំផ្លាញ និងដឹកជញ្ជូនធនធានព្រៃឈើ នៅក្នុងតំបន់នោះ។
ប្រភពព័ត៌មានបានឲ្យដឹងថា ការដុតកម្ទេចរថយន្តកែច្នៃ ប្រភេទរ៉េវទាំងពីរគ្រឿងនោះ គឺកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីមូលដ្ឋាន បានអនុវត្តទៅតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ប្រភពដដែលបានឲ្យដឹងទៀតថា ការដុតកម្ទេចរថយន្តរ៉េវទាំងពីរគ្រឿងនោះ ក៏មានការឯកភាពពីសមត្ថកិច្ចជំនាញ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ និងអាជ្ញាធរដែនដី ផងដែរ ដែលដឹកនាំការដុតរថយន្តទាំងនោះ ដោយលោកអនុសេនីយ៍ឯក ក្រឹង វ៉ុន កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលម៉ោងជិត ២ ថ្ងៃ១៥កក្កដានេះ នៅក្នុងព្រៃជ្រៅ នៃតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងខេត្តពោធិ៍សាត់ ៕ដោយ៖ឡុង សំបូរ





































