កំពង់ចាម : ក្នុង ឱកាសបេីកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ចាប់ពីអាយុ១៨ឆ្នាំឡេីង នៅស្រុកចំការលេី នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋក្នុង ស្រុក ចំការលេី ស្ទឹងត្រង់ កងមាស ស្រីសន្ធរ និងកោះសូទិន ឲ្យ ចូលរួម ជាមួយ អាជ្ញាធរ ក្នុងការទទួល វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ សម្រាប់ ការពារ អាយុជីវិតខ្លួន ដេីម្បី កុំឲ្យ ជំងឺ នេះ ប៉ះពាល់ ដល់ គ្រួសារ សហគមន៍ និង សេដ្ឋកិច្ច ខណៈ ក្រុម គ្រូពេទ្យ មានការ បណ្ដុះបណ្ដាល វិជ្ជាជីវៈ និង ក្រមសីលធម៌ ច្បាស់លាស់ ពី ក្រសួងសុខាភិបាល ។
ក្នងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា បច្ចុប្បន្ន ខេត្តកំពង់ចាម មាន អ្នក ឆ្លង ជំងឺ កូវីដ -១៩ ជាង៣០០០នាក់ និង មាន អ្នក ស្លាប់ បាត់បង់ ជីវិត ៥៤នាក់ ទន្ទឹម នឹង នោះ ក៏ មាន ការ ព្យាបាល ជាសះស្បើយ ជាង២០០០នាក់ ។ ចំពោះ មូលហេតុ ដែល នាំឲ្យ មាន ការ ឆ្លង ច្រើន នេះ ដោយសារ រោងចក្រ កាត់ដេរ មាន ការ ប្រមូលផ្ដុំ គ្នា ការ ធ្វើ ដំណើរ តាម រថយន្ត រួមគ្នា និង ការ រស់នៅ ហូបចុក ជាមួយគ្នា ។ ជំងឺ កូវីដ -១៩ មិនត្រឹម តែ ឆ្លង ទៅដល់ ប្រជាពលរដ្ឋ ក្នុង សហគមន៍ នោះទេ គឺ ឆ្លង ទៅដល់ សមត្ថកិច្ច និង ក្រុម គ្រូពេទ្យ ពេល បំពេញ ការងារ ផងដែរ ។
ឯកឧត្តមអភិបាលខេត្ត បាន ថ្លែង បន្ត ថា ដោយ មាន ការ គិតគូរ ពីសុខទុក្ខ ចំពោះ សុខភាព របស់ បងប្អូន ប្រជាពលរដ្ឋ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បាន ផ្តល់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ជា លក្ខណៈ ទ្រង់ទ្រាយ ថ្នាក់ជាតិ សម្រាប់ ពលរដ្ឋ ក្នុង ខេត្តកំពង់ចាម បន្ទាប់ ពី ពលរដ្ឋ នៅឯ រាជធានី ភ្នំពេញ ។ ក្នុងនោះ ក្រុម គ្រូពេទ្យ ក៏បាន ចាក់ ជូន ប្រជាពលរដ្ឋ នៅក្រុង-ស្រុក ចំនួន ៥ នៃខេត្តកំពង់ចាម ដែលមានក្រុងកំពង់ចាម ស្រុកកំពង់សៀម ព្រៃឈរ ជើងព្រៃ និងស្រុកបាធាយ សរុបជាង២០ម៉ឺននាក់រួចមកហេីយ ។ ទន្ទឹមនោះ ពលរដ្ឋ ក្នុង ស្រុក ចំការលេី ស្ទឹងត្រង់ កងមាស ស្រីសន្ធរ និងកោះសូទិន ប្រមាណ ជា ៣០ម៉ឺន នាក់ ទៀត នឹង បន្តទទួល បាន វ៉ាក់សាំង បង្ការ ជំងឺ កូវីដ ១៩ ចាប់ពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ នេះតទៅ ។
ឯកឧត្តម អ៊ុន ចាន់ដា បាន បញ្ជាក់ ថា វ៉ាក់សាំង ដែល បាន ផ្ដល់ ជូន ប្រជាពលរដ្ឋ ក្នុង ស្រុក ចំការលេី មាន ចំនួន ប្រមាណ ជា ៥ម៉ឺន នាក់ តែ បេីមានអ្នក ស្ម័គ្រចិត្ត លេីសពីចំនួន ៥ម៉ឺន នាក់ ក្នុង ក្របខ័ណ្ឌ ស្រុកចំការលើ យើងក៏ នៅតែ ធ្វើ ការ ចាក់ ជូន ដោយ ឥតគិតថ្លៃ ផងដែរ ៕





































