អភិបាលខេត្តកំពង់ចាម សំណូមពរដល់ ព្រះសង្ឃ ជួយផ្សព្វផ្សាយរំលឹក ដល់ ពុទ្ធបរិស័ទ ឲ្យខិតខំយកចិត្តទុកដក់ក្នុងការថែទាំសុខភាព

កំពង់ចាម : ក្នុង ឱកាស នាំយកទៀន ចំណាំ ព្រះវស្សា និងទេយ្យទាន វេរប្រគេនដល់ព្រះសង្ឃ ចំនួន ៤វត្ត ក្នុងក្រុងកំពង់ចាម ដែលបានរៀបចំឡេីងនៅវត្តខេមវន្តបឹងស្នាយ ស្ថិតក្នុង សង្កាត់សំបួរមាស ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន សំណូមពរ ដល់ ព្រះចៅ អធិការវត្ត គ្រប់ វត្ត សូម ជួយ ផ្សព្វផ្សាយ រំលឹក ដល់ លោកយាយ លោកតា ពុទ្ធបរិស័ទ ទាំងអស់ ត្រូវ ខិតខំ យកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព ឲ្យ ជៀសផុតពីការ ឆ្លង ជំងឺ កូវីដ -១៩ ។

ឯកឧត្តមអភិបាលខេត្ត បាន បញ្ជាក់ ថា ដោយ បច្ចុប្បន្ន ជំងឺ ឆ្លង រាតត្បាត នេះ នៅតែបន្តឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ សម្រាប់ ក្នុង ខេត្តកំពង់ចាម តួរលេខ អ្នក ស្លាប់ បានកេីនឡេីង ដល់ ៥៦នាក់ ហេីយ ។ ដើម្បីជៀសផុតពីការ ឆ្លង រីករាល ដាល នៃ ជំងឺកូវីដ-១៩ នេះ យើងទាំងអស់គ្នា ត្រូវចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសាកលនេះ ដោយការថែរក្សាសុខភាព ជាពិសេស ការអនុវត្ត វិធានការ ៣ការពារ ៣កុំ និង២ចូលរួម តាម ប្រសាសន៍ ណែនាំ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ក៏ដូចជា ក្រសួង សុខាភិបាល ជាពិសេស ការ ចូលរួម ទទួល វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសហគមន៍ ទាំងមូល ផងដែរ ។

គួរបញ្ជាក់ថា ដើម្បីរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងឱកាសចូលកាន់ព្រះវស្សា អស់កាលត្រីមាស ឯកឧត្ដមអភិបាលខេត្ត ក៏បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន វេរប្រគេនដល់ព្រះសង្ឃទាំង ៤វត្ត ដោយក្នុង ១វត្តៗ មាន ៖ ទៀនព្រះវស្សា ១គូ ទេយ្យវត្ថុ ១កញ្ចប់ អង្ករ ២០០គីឡូក្រាម មី ១០កេស ទឹក បរិសុទ្ធ ៥កេស ទឹកក្រូច ៥កេស ត្រីខ ១កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ ទឹកដោះគោខាប់ ១កេសធំ ស្ករស ៥គីឡូក្រាម តែ ៥កញ្ចប់ ចង្ហាន់ ១ស្រាក់ ផ្លែឈើ ១កន្ត្រក និងបច្ច័យ ១.៧០០.០០០រៀល ៕