ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋនៅក្នុងស្រុកពីរ នៃខេត្តស្ទឹងត្រែង ត្រូវគេឃើញ បានប្រញាប់នាំគ្នាមកទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដែលជាអំណោយរបស់រាជរដ្ឋាភិបាល នាពេលនេះ ញ៉ាំងឲ្យអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះទៅពិនិត្យលើការចាក់វ៉ាក់សាំងនោះ កាលពីថ្ងៃទី១៥កក្កដាឆ្នាំ២០២១។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានអញ្ជើញចុះទៅកាន់ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំឡើងទៅចំនួន ៣កន្លែង នៅស្រុក ២ ក្នុងខេត្ត គឺ ទីតាំងទី១ ស្ថិតនៅក្នុងឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ និង ២ទីតាំងទៀត គឺស្ថិតនៅក្នុងឃុំក្បាលរមាស និងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានមានប្រសាសន៍ថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងបរិបថ និងស្ថានភាព នៃការរីករាលដាលជំងឺកូវីដ-១៩ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ លើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង នាពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីកាត់បន្ថយការរីករាលដាលជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ដែលនៅគ្រាបច្ចុប្បន្ន ប្រទេសកម្ពុជា កំពុងរងគ្រោះពីជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនបាត់បង់ជីវិត និងឆ្លងមេរោគនេះ ក្នុងនោះខេត្តស្ទឹងត្រែង មានប្រជាពលរដ្ឋជាង ៤០០នាក់ហើយ ដែលបានឆ្លងពីជំងឺដ៏កាចសាហាវមួយនេះ ហើយមានមួយចំនួនបានជាសះស្បើយ និងមួយចំនួនទៀត កំពុងបន្តសម្រាកព្យាបាលជំងឺកូវីដ-១៩នេះ ផងដែរ។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានថ្លែង ចាត់ទុកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺវីដ-១៩ នាពេលនេះ គឺជាឧបករណ៍ដ៏សំខាន់ និងមានតម្លៃសម្រាប់សុខភាពរបស់ប្រជាពលរដ្ឋ ដែលអាចជួយប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាលក្នុងសហគមន៍ រួមផ្សំជាមួយនឹងវិធានការសុខាភិបាល និងការដាក់ចេញសម្រាប់ការប្រតិបត្តិ នូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ថែមទៀតផង ។ លោកអភិបាលខេត្តស្ទឹងត្រែង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ប្រញាប់រួសរាន់មកទទួលយកសេវាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ហើយក៏ត្រូវរក្សាគម្លាតឲ្យបានត្រឹមត្រូវ ជៀសវាងការប្រមូលផ្តុំគ្នា ដែលជាហេតុនាំឲ្យមានហានិភ័យកើតឡើង ក្នុងការចម្លងមេរោគកូវីដ-១៩ដ៏កាចសាវហាវនេះ៕ ដោយ៖ឡុង សំបូរ





































