ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេចលេខ ០៨៩/២១ សសរ និងសេចក្តីសម្រេចលេខ ០៩០/២១ សសរ ចុះថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២១ សម្រេចបិទខ្ទប់តំបន់ផ្នែកខាងត្បូងភូមិគោកបេង ស្ថិតក្នុងសង្កាត់កំពង់ប្រណាក និងតំបន់ផ្នែកខាងកើតភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលជាតំបន់ឆ្លងរាលដាលជំងឺកូវីដ-១៩ ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥កក្កដា ដល់ថ្ងៃទី២៨កក្កដាឆ្នាំ២០២១។
រដ្ឋបាលខេត្តព្រះចិហារ បានបញ្ជាក់ថា ការសម្រេចបិទខ្ទប់តំបន់ទាំងពីរខាងលើជាបណ្តោះអាសន្ន ក្នុងរយៈពេលពីរសប្តាហ៍នោះ គឺក្នុងគោលបំណងធានាដល់ការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងការទប់ស្កាត់មិនឲ្យឆ្លងរាលដាលតំបន់ផ្សេងៗទៀត រហូតមានការសម្រេចសារជាថ្មី។ នៅក្នុងកំឡុងពេល នៃការអនុវត្តន៍ការបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញចូល លើកលែងតែក្នុងករណីចាំបាច់ ដូចជា ការធ្វើដំណើរទៅបង្ហាញខ្លួនឲ្យមន្ត្រីសុខាភិបាលយកសំណាកទៅវិភាគរកមេរោគកូវីដ១៩ តាមការកំណត់ និងនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ,ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងរដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គីភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន ឬអង្គភាព និងក៏នៅមានប្រការជាច្រើនទៀតផងដែរ។ នៅក្នុងកំឡុងពេល នៃការអនុវត្តន៍វិធានការបិទខ្ទប់ ត្រូវបានហាមឃាត់ការជួបជុំមនុស្ស លើកលែងតែក្នុងករណីចាំបាច់ ៕ដោយ៖ឡុង សំបូរ





































