អ្នកជម្ងឺកូវីដ១៩ បាត់បង់ជីវិតរហូតដល់៦០នាក់ហើយនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖អ្នកជម្ងឺកូវីដ១៩ទី៦០នៅខេត្តបន្ទាយមានជ័យបានស្លាប់ហើយល្ងាចថ្ងៃទី១៥ខែកក្កដា នេះបានបញ្ជូនសពទៅអោយគណៈកម្មការមួយរបស់ខេត្តធ្វើកម្មវិធីបូជានៅឈាបនដ្ឋានសាធារណៈពិសេសនាភ្នំបាក់ក្នុងសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ។
លោកអោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានននិងអនុប្រធាន សមាជិកគណៈកម្មការ ដែលរួមមានមន្ត្រីសង្ឃផងដែរ បាននិមន្តព្រះសង្ឃអោយសូត្រធម៌ប័ង្សុកូលក្នុងពិធីខាងព្រះពុទ្អសាសនាតូចនិងខ្លឺមួយក្រោមការរក្សាគម្លាតសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
លោកអាចារ្យខេត្តប្រាក់ សុភ័ត អនុប្រធានមន្ទីរធម្មការនិងកិច្ចការសាសនា ជាសមាជិកអនុគណកម្មការបូជាសព(អ្នកកូវីដ១៩ ) អោយដឹងថា ៖ គណៈកម្មការនិងក្រុមគ្រួសារនៃសពបានចាត់ចែងជូនដំណើរចុងក្រោយដល់សពបានរលូន ។
ឯក្រុមគ្រួសារ ញាតិមិត្តនៃសព ក៏ដូចអ្នក/ផ្នែកពាក់ព័ន្ធថ្លែងអំណគុណនិងកោតសរសើរដល់គណកម្មការខេត្តប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ខេត្ត ក៏ដូចអនុគណកម្មការបូជាសព(អ្នកកូវីដ១៩ ) ខេត្តបន្ទាយមានជ័យដែលបានចាត់ចែងកិច្ចនានានៃការបូជាសពអ្នកជាទីស្រឡាញ់របស់ផងខ្លួនបានយ៉ាងសមរម្យតាមវិធានការនិងប្រពៃណី ។ហើយសង្ឃឹមថា វិញ្ញាណក្ខន្ធពួកគាត់នឹងបានទៅកាន់សុគតិភព ហើយបែរក្រោយអោយពរជ័យវិញជាមិនខាន ។
យោងការកត់ត្រាបានអោយដឹងថា ៖ ក្នុងរយៈពេលជាង១ខែ ចុងក្រោយនេះ នៅខេត្តបន្ទាយមានជ័យ មានអ្នកជម្ងឺកូវីដ១៩ បានស្លាប់ជាមធ្យម១នាក់/១ថ្ងៃ ។ពោលគឺស្លាប់មិនមានលោះថ្ងៃណាទេ ។ ឬបើគ្មានក្នុង១ទៅ២ថ្ងៃ លុះដល់មានអ្នកស្លាប់គឺមានពី៣ទៅ៤នាក់/១ថ្ងៃៗតែម្តង ។
ហើយសពគឺមានស្ទើរគ្រប់សមាសភាពមានមនុស្សចាស់ វ័យកណ្តាល វ័យក្មេង ប្រុសស្រី គ្រប់សាសនា ទាំងមន្ត្រីនិងរាស្ត្រ ជនរួមឈាមរស់នៅនាយសមុទ្រ ជនបរទេសជាដើម៕ដោយ៖ឃិន គន្ធា