អាជ្ញាធរខេត្តព្រះវិហារ បានសម្រេចបិទខ្ទប់ផ្សារកំពង់ប្រណាក នៅកណ្តាលក្រុងព្រះវិហារ និងបានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មី ១២នាក់បន្ថែមទៀត នៅក្នុងថ្ងៃនេះ !

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេចលេខ ០៩១/២១ សសរ ចុះថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១នេះ ដោយបានសម្រេចដាក់ចេញ នូវការបិទខ្ទប់ផ្សារកំពង់ប្រណាកជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់មិនឲ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងៗទៀត នៅក្នុងដែនដីរដ្ឋបាលខេត្ត និងរដ្ឋបាលខេត្ត ក៏បានប្រកាសរកឃើញ អ្នកមានវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ១២នាក់ បន្ថែមទៀត ក្នុងព្រឹត្តិការណ៍សហគមន៍ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នាថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១នេះ។
នៅក្នុងសេចក្តីសម្រេចរបស់ រដ្ឋបាលខេត្តព្រះវិហារ បានបង្ហាញថា រដ្ឋបាលខេត្តបានសម្រេចបិទខ្ទប់ផ្សារកំពង់ប្រណាកជាបណ្តោះអាសន្ន ដែលស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលជាទីតាំងជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដោយចាប់គិតពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងសារជាថ្មី។
នៅក្នុងថ្ងៃទី១៦កក្កដានេះផងទៀត រដ្ឋបាលខេត្ត ក៏បានប្រកាសបន្តរកឃើញ អ្នកមានវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ១២នាក់ បន្ថែមទៀត ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលការរកឃើញថ្មីនោះ គឺតាមរយៈការធ្វើតេស្តរហស័យ ( Rapid Test)។
គិតត្រឹមថ្ងៃទី១៦កក្កដាឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៣១៩នាក់ ស្រី ១៣២នាក់ កុមារី ២២នាក់ ជាសះស្បើយ ១៣០នាក់ ស្រី៤៦នាក់ កុមារី ១៣នាក់ និងមានអ្នកស្លាប់ម្នាក់។ ចំពោះអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ មានចំនួនសរុប ១៨៨នាក់ ស្រី ៨៦នាក់ និងកុមារី ៩នាក់។
រដ្ឋបាលខេត្តព្រះវិហារ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេស អ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលទាំងអស់ ត្រូវប្រញាប់រួសរាន់ទៅយកសំណាក នៅគ្រប់មណ្ឌលចត្តាឡីស័ក ឬមន្ទីរពេទ្យនៅក្នុងខេត្តព្រះវិហារ ឲ្យបានគ្រប់ៗគ្នាកុំបីខានឡើយ៕ដោយ៖ឡុង សំបូរ