អភិបាលខេត្តកំពង់ចាម៖ គម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូ១ខ្សែ ប្រវែងជាង២៧គីឡូម៉ែត្រ មានប្រយោជន៍ជាច្រេីនដល់ពលរដ្ឋ ក្នុងស្រុកកងមាស

កំពង់ចាម : ក្នុងឱកាសបេីក ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ១ខ្សែ ប្រវែង ២៧.៦០០ម៉ែត្រ ចាប់ពីចំណុចភូមិបឹងត្រាវ ឃុំសូរគង ឆ្លងកាត់ឃុំរាយប៉ាយ ឆ្ពោះទៅដល់ស្ពានអន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាស នាព្រឹក ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២១ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា គម្រោងផ្លូវ ១ខ្សែនេះ គ្រោងចំណាយថវិកាស្ថាបនាក្នុងរង្វង់ប្រមាណជាង ៣លានដុល្លារអាមេរិក ហើយរំពឹងថា វានឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ទៅដល់ប្រជាពលរដ្ឋ ចំណេញទាំងពេលវេលាក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ពី តំបន់ មួយ ទៅ តំបន់ មួយ ដែលជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍមូលដ្ឋាន ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រ របស់ប្រមុខរាជរដ្ឋាភិបាល គឺ ៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស ។ ក្រៅពីនោះ សមិទ្ធផលនេះ វាក៏បានចូលរួមចំណែកយ៉ាងសំខាន់ ដោយបានប្រែក្លាយស្រុកទេស ក៏ដូចជា មូលដ្ឋានសហគមន៍ ឲ្យមានសោភណ្ឌភាពល្អ ជាពិសេស បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ស្រុកកងមាស រស់នៅប្រកបដោយផាសុខភាព និងធ្វើឲ្យកម្រិតជីវភាពគ្រួសារ កាន់តែប្រសើរឡើង ថែមមួយកម្រិតផងដែរ ។

ឯកឧត្ដម អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្រៅពីនោះគម្រោងនេះ ក៏ស្ថិតនៅក្រោមការខិតខំប្រឹងប្រែង ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីបំពេញសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ ដែលបានទន្ទឹងជាយូរឆ្នាំមកហើយ ។
ជាមួយគ្នា នោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋទ ឲ្យយកចិត្តទុកដាក់ថែទាំសុខភាព តាមរយៈ ការអនុវត្តនូវវិធានការសុខាភិបាល «៣ការពារ ៣កុំ» និងចូលរួមទៅទទួលយកវ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ ឲ្យបានគ្រប់ៗគ្នា ខណៈពេលនៅតាមបណ្ដាក្រុង/ស្រុកនីមួយៗ នៃខេត្តកំពង់ចាម កំពុងដំណើរការ ចាក់ជូនប្រជាពលរដ្ឋយើង ដោយឥតគិតថ្លៃ ដែលជាការចូលរួមចំណែកទាំងអស់គ្នា ដើម្បី បញ្ជៀសកុំឲ្យជម្ងឺកូវីដ ១៩ ឆ្លងចូលខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍យើង ផងដែរ ៕