ផ្ដើមកែលម្អរហេដ្ឋារចនាសម្ព័ន្ធទីតាំងឈាបដ្ឋានសពអ្នកជម្ងឺកូវីដ១៩ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖អនុគណកម្មការបូជាសព នៃកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ខេត្តបន្ទាយមានជ័យ បាននឹងកំពុងផ្ដើមរៀបចំអភិវឌ្ឍន៍ កែលម្អហេដ្ឋារចនាសម្ព័ន្ធទីតាំងឈាបដ្ឋានសពអ្នកជម្ងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភ្ណមបាក់ភូមិភ្នំបាក់សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ អោយបានសមស្របនិងសមរម្យ។
លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានអនុគណកម្មការបូជាសពនៃគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ខេត្តបន្ទាយមានជ័យបានអោយដឹងកាលពីថ្ងៃទី១៧ខែកក្កដាថា៖ ក្រុមការងារដែលមានលោកនិងអនុប្រធាន សមាជិកអនុគណកម្មការបាន ដៃគូពាក់ព័ន្ធបាននឹងកំពុង រៀបចំ ឈូសឆាយ ពង្រាប ចាក់ដី ស្ថាបនាផ្លូវ ដាំបង្គោលភ្លេីង ដាក់ភ្លើងបំភ្លឺឡេីងទៅកាន់ មជ្ឈមណ្ឌលឈាបនដ្ឋានបូជាសព បញ្ចុះសព អ្នកជម្ងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យ នាភ្នំបាក់ ភូមិភ្នំបាក់សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ។
លោកអោម ចន្ថា បានបន្តថា៖ ការងារនេះ ធ្វើទៅបានដោយសារបានការណែនាំពីថ្នាកលើនិងការដឹកនាំពីឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត ព្រមទាំងដោយមានជំនួយសប្បុរសនិងថវិកាលោកផ្ទាល់ ព្រមទាំងថ្នាក៎ដឹកនាំខេត្ត ក្រុង ក្រុមការងារដែលនឹងបន្តកសាងអគារស្នាក់ក្រុមការងារ បុស្បុកតម្កល់ពុទ្ធរូប ឈាបនដ្ឋានបេតុងថ្មី ទីលានចំណត ការរៀបចំផ្ទៃដីជើងភ្នំពី៣ទៅ៥ហិចតា នៃជើងភ្នំបាក់និងភ្នំជញ្ជាំង ជាដើម ។
ពោលគឺចង់រៀបចំទីនោះអោយក្លាយជាទីសក្ការៈដ្ឋានឧទ្ទិសដល់វិញ្ញាណក្ខន្ជជនរងគ្រោះដោយជម្ងឺកូវីដ១៩ ជម្ងឺកាចសាហាវនិងឧបទ្ទហេតុនានាក្នុងខេត្ត ។

ទាក់ទិនករណីនេះ កន្លងមកនេះនិងបច្ចុប្បន្នក្រុមគ្រួសារ ញាតិមិត្តនៃសព ក៏ដូចអ្នក/ផ្នែកពាក់ព័ន្ធថ្លែងអំណគុណដល់អនុគណៈកម្មការដែលបានទទួល រៀបចំកិច្ចជូនដំណើរអ្នកជាទីស្រឡាញ់របស់ពួកគេបានយ៉ាងរលូន សមរម្យ។
ពួកគេសង្ឃឹមថា គុណព្រះរតនត្រ័យ វត្ថុស័កសិទ្ធិក៏នឹងជួយប្រទានពរជ័យ ។
ហើយវិញ្ញាណក្ខន្ធពួកគាត់នឹងបានទៅកាន់សុគតិភព ហើយបែរក្រោយអោយពរជ័យវិញជាមិនខាន ។
លោកអាចារ្យខេត្តប្រាក់ សុភ៍ត អនុប្រធានមន្ទូីរធម្មការនិងកិច្ចការសាសនាខេត្តបន្ទាយមានជ័យប្រាប់កាពីល្ងាចថ្ងៃទី១៧ខែកក្កដាថា៖ មកទល់ថ្ងៃនេះ អ្នកជម្ងឺកូវីដ១៩ បានស្លាប់ចំនួន៦៣នាក់ហើយៗល្ងាចនេះ ក្រុមការងារនៃគណកម្មការនិងក្រុមគ្រួសារសពបានជូនដំណើរចុងក្រោយអ្នកជាទីស្រឡាញ់ចំនួន៣នាក់ សុទ្ធតែជាស្ត្រី ៕ដោយ៖ ឃិន គន្ធា