ខេត្តព្រះវិហារ៖ ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួសសុខ ដារ៉ា បានចាត់តាំងលោកវរៈសេនីយ៍ឯក រស់ សុធី ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសខេត្ត ដឹកនាំមន្ត្រីក្រោមឱវាទ នាំយកថវិកា សម្ភារៈសុខាភិបាល រួមទាំងគ្រឿងបរិភោគមួយចំនួន ទៅឧបត្ថម្ភដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង៣ ដែលកំពុងឈរជើងនៅតំបន់បិទខ្ទប់ ៦គោលដៅ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងក្រុងព្រះវិហារ នាម៉ោងជាង ៣រសៀល ថ្ងៃទី១៨កក្កដាឆ្នាំ២០២១នេះ។
ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសខេត្តព្រះវិហារ លោកវរៈសេនីយ៍ឯក រស់ សុធី បានថ្លែង ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួសសុខ ដារ៉ា ចំពោះកងកម្លាំងទាំង៣ និងអាជ្ញាធរមូលដ្ឋាន ដែលបាន និងកំពុងរួមគ្នា ពង្រឹងការអនុវត្តវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និងការអនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាល នៅតំបន់បិទខ្ទប់ចំនួន ៦គោលដៅក្នុងក្រុង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងៗទៀត និងក៏ដើម្បីធានាដល់សុខមាលភាពសាធារណៈ ផងនោះដែរ។
លោកវរៈសេនីយ៍ឯក រស់ សុធី បានបន្តឲ្យដឹងទៀតថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងក្រោយពីបានដឹង ពីស្ថានភាពរបស់កងកម្លាំងទាំង៣ ដែលកំពុងឈរជើងការពារនៅតំបន់បិទខ្ទប់ទាំង ៦គោលដៅក្នុងក្រុងនោះមក លោកឧត្តមសេនីយ៍ទោ សួសសុខ ដារ៉ា រួមទាំងភរិយា បានបរិច្ចាគសម្ភារៈសុខាភិបាល គ្រឿងបរិភោគ និងថវិកាផ្ទាល់ខ្លួន ដើម្បីផ្តល់ជូនដល់អាជ្ញាធរ និងកងកម្លាំង៣ រួមមាន៖ ទឹកបរិសុទ្ធ ៦០កេស ទឹកផ្លែឈើ ៥កេស ទឹកអាល់កុល ២០លីត្រ ម៉ាស ១០ប្រអប់ និងថវិកា ១លានរៀល ថែមទៀតផង។
លោកវរៈសេនីយ៍ឯក រស់ សុធី បានបន្តពាំនាំប្រសាសន៍ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ប្រាប់ឲ្យកងកម្លាំងទាំង៣ ឲ្យខិតខំពង្រឹងលើការយាមកាម នៅតាមតំបន់បិទខ្ទប់ទាំងអស់ ឲ្យបានម៉ត់ចត់បំផុត ដើម្បីអនុវត្តលើសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ក្រោយពីតំបន់ដែលត្រូវបិទខ្ទប់ទាំងនោះ ផ្ទុះឡើងនូវជំងឺកូវីដ-១៩ និងដើម្បីអនុវត្តតាមវិធានការ ៣កុំ ៣ការពារឲ្យមានប្រសិទ្ធភាព។
អធិការនគរបាលក្រុងព្រះវិហារ លោកវរៈសេនីយ៍ឯក លី តៃឈន់ បានសម្តែងការអរគុណ ចំពោះទឹកចិត្តដ៏ប្រពៃ ក្នុងការបរិច្ចាគធនធានផ្ទាល់របស់ លោកឧត្តមសេនីយ៍ស្នងការ រួមទាំងភរិយា មកដល់អាជ្ញាធរក្រុង និងកងកម្លាំងទាំង៣ ដែលកំពុងបំពេញភារកិច្ចយាមកាម នៅតាមតំបន់បិទខ្ទប់ទាំង ៦គោលដៅក្នុងក្រុងព្រះវិហារ និងលោកអធិការ បានចាត់ទុកការបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់ លោកឧត្តមសេនីយ៍ទោ សួសសុខ ដារ៉ា គឺជាសកម្មភាពមនុស្សធម៌មួយដ៏ធំធេង នៅក្នុងកាលៈទេសៈដ៏លំបាក នៃការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍នាពេលនេះ។ លោកបានបញ្ជាក់ថា កងកម្លាំងដែលកំពុងឈរជើងការពារនៅតំបន់បិទខ្ទប់ទាំងអស់ នឹងបន្តខិតខំអនុវត្តតាមបទបញ្ជា ក៏ដូចជាការដាក់ចេញនូវគោលការណ៍ និងសេចក្តីសម្រេចនានារបស់ថ្នាក់ដឹកនាំជានិច្ច ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជាមួយរដ្ឋបាលខេត្ត និងក្រសួងសុខាភិបាល ពិសេស សេចក្តីណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ៖ឡុង សំបូរ






































