អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះបង្រៀនយុវជនបក្សខេត្ត ឲ្យចេះពីវិធីធ្វើតេស្តរហ័ស ការស្លៀកពាក់ និងការដោះសម្លៀកបំពាក់ប៉េអ៊ី នៅក្នុងយុទ្ធនាការពង្រឹងការអនុវត្តន៍វិធានការ ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល !

  ខេត្តព្រះវិហារ៖ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានចូលរួមក្នុងការផ្តល់ការធ្វើតេស្តរហ័ស ដោយឧបករណ៍ Rapid Test ពីសំណាក់ក្រុមគ្រូពេទ្យសមាគមន៍សុខភាពប្រជាជន នៅក្នុងពិធីសំណេះសំណាលក្រុមការងារយុវជនគណបក្សខេត្ត ជាមួយអ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ។

  ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក សួស យ៉ារ៉ា និងប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត ដែលមានការចូលរួមពី ប្រធានក្រុមការងារយុវជនគណបក្សខេត្ត លោក អ៊ុក គឹមសាន ថ្នាក់ដឹកនាំបក្សប្រជាជន អង្គការដៃគូ និងសមាជិក សមាជិការបក្សជាច្រើននាក់ នៅថ្ងៃទី១៨កក្កដាឆ្នាំ២០២១ នៅក្នុងបរិវេណការិយាល័យតំណាងរាស្ត្រមណ្ឌលព្រះវិហារ។

  ប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ លោក អ៊ុក គឹមសាន បានថ្លែងថា ក្រុមការងារយុវជនគណបក្សគ្រប់ថ្នាក់ នឹងបន្តអនុវត្តតាមទិសដៅផែនការរបស់ខ្លួន ក្នុងការពង្រីក និងពង្រឹងរចនាសម្ព័ន្ធនៅគ្រប់ផ្នែក ក្នុងក្រុង និងគ្រប់ស្រុកទាំងអស់ ក្នុងការពង្រឹងក្រុមសកម្មជន យុវជនគណបក្ស នៅតាមបណ្តាឃុំ-សង្កាត់ សាលារៀន ដើម្បីបង្កលក្ខណៈសម្បត្តិលើកទឹកចិត្ត បណ្តុះបណ្តាល និងការប្រគល់ភារកិច្ចជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពសម្រាប់យុវជនបន្តវេន នៅក្នុងស្ថានភាព នៃការរីករាលដាល នៃជំងឺកូវីស១៩នេះ។

  ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ដែលជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានជម្រុញក្រុមយុវជនបក្សទាំងអស់ ចូលរួមឲ្យបានយ៉ាងសកម្ម នៅក្នុងយន្តការកិច្ចការងារបក្សនៅគ្រប់មូលដ្ឋាន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ភូមិ ឃុំ-សង្កាត់ និងគ្រប់មូលដ្ឋានរបស់ខ្លួន ឲ្យមានការរីកចម្រើន ត្រូវចេះពង្រឹងគោលជំហរ សតិអារម្មណ៍ ពង្រឹងការបណ្តុះបណ្តាលធនធានចំណេះដឹង និងវិជ្ជាជីវៈ ការបង្កើតមុខរបរ និងយុវជនបក្សត្រូវចេះចូលរួមក្នុងកិច្ចការងារសង្គម និងត្រូវបណ្តុះស្មារតីយុវជនឲ្យចេះស្រឡាញ់ជាតិ សាសនា វប្បធម៌ និងអរិយធម៌ដ៏ល្អផូរផង់របស់ជាតិ យុវជនត្រូវចូលរួមក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត ដើម្បីធ្វើឲ្យបក្សប្រជាជន ឈ្នះលើការបោះឆ្នោតដោយរលូន និងមានឱកាសក្នុងការដឹកនាំប្រទេស នាំឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ ជ្រកក្រោមដំបូល នៃសុខសន្តិភាព។

  អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា បានផ្ដាំផ្ញើទៅដល់យុវជនទាំងអស់ ត្រូវចេះចូលរួមសាមគ្គីគ្នាឲ្យបានល្អ ដែលការសាមគ្គីគ្នានោះ គឺជាកម្លាំងរួមមួយ ក្នុងការឈានទៅរកភាពជោគជ័យ នៅគ្រប់សកម្មភាពការងារ ក្នុងការជួយសង្គមជាតិ ឲ្យមានការអភិវឌ្ឍន៍រីកចម្រើនទៅមុខជាបន្តទៀត ជាពិសេស ក្នុងបរិបថដែលប្រទេសជាតិ កំពុងធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការីរាលដាលនៃជំងឺកូវីដ-១៩ ដែលតម្រូវឲ្យយើងគ្រប់ៗគ្នា ចេះរួបរួមសាមគ្គីគ្នាឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ហើយយើងគ្រប់ៗគ្នា ក៏ត្រូវបន្តអនុវត្តទៅតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល ក៏ដូច ការអនុវត្តន៍វិធានការ ៣កុំ ៣ការពារ ដែលដាក់ចេញដោយ រាជរដ្ឋាភិបាល ដើម្បីយើងទាំងអស់គ្នាចៀសផុតពីជំងឺកូវីដ-១៩។

  លោក សួស យ៉ារ៉ា បានថ្លែង កោតសរសើរយុវជនបក្សខេត្តព្រះវិហារ ដែលកន្លងមកយុវជនទាំងអស់ បានយកពេលវេលាដ៏មានតម្លៃរបស់ខ្លួន ចូលរួមក្នុងសកម្មភាពជាច្រើនជាមួយរដ្ឋបាលខេត្ត ជាពិសេស បានចូលរួមក្នុងវិស័យមនុស្សធម៌ ក្នុងការបម្រើកិច្ចការងារដល់សង្គម បានយ៉ាងល្អប្រសើរ។ 

  ស្របពេលជាមួយគ្នានោះដែរ អ្នកតំណាងរាស្ត្រ បានផ្តល់ឱកាសដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមន៍សុខភាពប្រជាជន និងមន្ត្រីជំនាញអង្គការដៃគូ ធ្វើបទបង្ហាញ និងបង្រៀនដល់យុវជនបក្សទាំងអស់ ឲ្យចេះពីរបៀបស្លៀក និងការដោះសម្លៀកបំពាក់ PE ដើម្បីការពារសុវត្ថិភាពពីមេរោគកូវីដ-១៩ របៀបបាញ់ថ្នាំសម្លាប់មេរោគ និងការធ្វើតេស្តរកមេរោគកូវីដ១៩ ។ល។

  បន្ទាប់មក អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា បានអញ្ជើញប្រគល់សម្ភារៈ បរិក្ខារសុខាភិបាល មានដូចជា ម៉ាស់ អាល់កុល ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ព្រមទាំងសម្ភារៈសុខាភិបាល មួយចំនួនទៀត សម្រាប់បង្ការ ទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជូនដល់រដ្ឋបាលខេត្តព្រះវិហារ និងក្រុមការងារយុវរជនគណបក្សខេត្តព្រះវិហារ៕​ ដោយ៖ឡុង សំបូរ