អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ បានដឹកនាំក្រុមគ្រូពេទ្យ និងយុវជនចុះបាញ់ថ្នាំសម្លាប់មេរោគ នៅផ្សារកំពង់ប្រណាក ក្រោយការបិទខ្ទប់ និងមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ជាទ្រង់ទ្រាយធំ !

ខេត្តព្រះវិហារ៖ ផ្សារកំពង់ប្រណាក និងតំបន់ ៥ទៀត នៅក្នុងក្រុងព្រះវិហារ ត្រូវបានបិទខ្ទប់ជាច្រើនថ្ងៃមកហើយ បន្ទាប់ពីមានការផ្ទុះឡើង នូវជំងឺកូវីដ-១៩ ជាទ្រង់ទ្រាយធំ ហើយរដ្ឋបាលខេត្តព្រះវិហារ បានដាក់ចេញជាគោលការណ៍ សម្រាប់ការអនុវត្តន៍វិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីធានាដល់សុខមាលភាពសាធារណៈ ផងនោះដែរ។
ដើម្បីចូលរួមអនុវត្តវិធានការ ៣កុំ និង ៣ការពាររបស់ រាជរដ្ឋាភិបាល អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា កាលពីថ្ងៃទី១៨កក្កដាម្សិលមិញ បានឆក់យកពេលវេលាដ៏មមារញឹក ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ «សមាគមសុខភាពប្រជាជន » មន្ត្រីសុខាភិបាលខេត្ត និងក្រុមយុវជនខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគដោយផ្ទាល់ នៅផ្សារកំពង់ប្រណាក ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា បានមានប្រសាសន៍ថា ការចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងពេលនេះ ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តន៍វិធានការ ៣កុំ ៣ការពារ ការបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ដ៏គួរឲ្យព្រួយបារម្ភ និងការចុះបាញ់ថ្នាំដោយផ្ទាល់នេះ ពុំមែនក្នុងចលនាណាមួយនោះទេ គឺធ្វើឡើងដើម្បីសុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលត្រូវបានបិទខ្ទប់នាពេលនេះ។
អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា បានអំពាវនាវ ដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់ ពិសេស ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ ធ្វើយ៉ាងណារក្សាការអនាម័យ ឲ្យបានខ្ជាប់ខ្ជួន ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ទឹកជែល និងការរក្សាគម្លាតសង្គម ដោយអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ដែលដាក់ចេញសម្រាប់ការអនុវត្តន៍ដោយ ប្រមុខរាជរដ្ឋាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។
សូមជម្រាបថា តំបន់បិទខ្ទប់នៅក្នុងក្រុងព្រះវិហារ មានចំនួន ៦ទីតាំង ក្នុងនោះ ផ្សារកំពង់ប្រណាក ត្រូវបានរដ្ឋបាលខេត្តព្រះវិហារ សម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន នៅថ្ងៃទី១៧កក្កដា២០២១ និងតំបន់ ៥ទៀត ក៏ត្រូវបានអាជ្ញាធរខេត្ត ប្រកាសបិទខ្ទប់ជាបន្តបន្ទាប់ ក្រោយការផ្ទុះជំងឺកូវីដ-១៩ ជាទ្រង់ទ្រាយធំ នៅក្នុងខេត្តព្រះវិហារ នោះមក។ រដ្ឋបាលខេត្តព្រះវិហារ កាលពីថ្ងៃទី១៨កក្កដាម្សិលមិញ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៧នាក់បន្ថែមទៀត នៅក្នុងភូមិសាស្ត្រខេត្ត និងមានអ្នកឆ្លង សរុប ចំនួន ៣៤៩នាក់ ស្រី ១៥០នាក់ កុមារី ២២នាក់ ជាសះស្បើយ ១៥២នាក់ ស្រី ៥៦នាក់ កុមារី ១៣នាក់ ស្លាប់ ១នាក់ អ្នកកំពុងសម្រាកព្យាបាល ចំនួន ១៩៦នាក់ ស្រី ៩៤នាក់ និងកុមារី ៩នាក់៕
ដោយ៖ឡុង សំបូរ