ខេត្តបន្ទាយមានជ័យ អ្នកជាសះស្បើយអំពីជម្ងឺកូវីដ.១៩មាន ចំនួន ៣៦៨នាក់ អ្នកកើតថ្មីមានចំនួន៨៨នាក់

ខេត្តបន្ទាយមានជ័យ៖នៅខេត្តបន្ទាយមានជ័យយោងលទ្ធផលតេស្តរហ័សនិងមន្ទីរពិសោធន៍ជាតិភ្នំពេញបានឲ្យដឹងថារកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន ៨៨នាក់នាក់នៅថ្ងៃទី១៧កក្កដា ក្នុងនោះក៏មានអ្នកជាសះស្បើយអំពីជម្ងឺកូវីដ.១៩មានចំនួន៣៦៨នាក់នៅថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២១ផងដែរ។
នេះបើយោងសេចក្តីប្រកាសព័ត៌មានចុះ ថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២១ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្តីពីការរកឃើញវិជ្ជមានជម្ងឺកូវីដ ១៩ ក្នុងនោះភាគច្រើនកើត និងជាសះស្បើយ នៅ ស្រុកព្រះនេត្រព្រះ ស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ។
រដ្ឋបាលខេត្តសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនិងសាធារណៈជនដែលបានប៉ះពាល់ដោយផ្ទាល់សូមរួសរាន់មកជួបក្រុមគ្រូពេទ្យនឹងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យនិងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ.១៩ ទាំង៨៨ នាក់ខាងលើសូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីមានការប្រែប្រួលសុខភាពមិនប្រក្រតីដូចជាឡើងកំដៅលើសពី៣៧អង្សាសេ ក្អក កណ្ដាស ហៀសំបោរឈឺបំពង់ក មានការថប់ដង្ហើមជាដើម ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តឬមន្ទីរពេទ្យខេត្ត ក្រុងស្រុក ឬមណ្ឌលសុខភាព ឃុំស ង្កាត់ និងអាជ្ញាធរមូលដ្ឋានជាដើម៕ដោយ៖ឃិន គន្ធា