ផ្សារសេះស ត្រូវអគ្គីភ័យលេបត្របាក់ស្ទើទាំងស្រុង នៅក្បាលព្រលប់នេះ សង្ស័យទុស្សេខ្សែភ្លើង

(ខេត្តកែប)៖ ផ្សារសេះស ដែលស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ត្រូវអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ចំពោះករណីមានអគ្គីភ័យនេះ បើតាមការសន្និដ្ឋានរបស់អាជ្ញាធរមូកដ្ឋានបានអះអាងថា ការឆាបឆេះតូបផ្សារសេះសស្ទើទាំងស្រុងនេះអាចផ្តើមឡើងដោយសារទុស្សេខ្សែចរន្តអគ្គិសនី ខណៈក្រុមអាជីវករបិទតូបក្នុងផ្សារវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញហើយមិនបានបិទបារ៉ែតឬបិទកុងតាក់ភ្លើង ការប្រើខ្សែភ្លើងចាស់ ឬឆ្លងតាមមុខតំណ ទើបបណ្តាលឲ្យចរន្តភ្លើងឆ្លងគ្នា បង្កជាអណ្តាតភ្លើងឆាបឆេះតែម្តង។

ក្នុងករណីឆេះផ្សារនេះ គេសង្កេតឃើញក្រុមពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកែប ប្រើប្រាស់រថយន្តពន្លត់ចំនួន០៤គ្រឿង និងរថយន្តសង្គ្រោះពន្លត់អគ្គីភ័យខេត្តកំពតជាច្រើនគ្រឿងទៀត បានសហការគ្នាជួយពន្លត់ ដែលធ្វើឲ្យអំណាចភ្លើងថមថយបន្តិច។ ប៉ុន្តែដោយសារភ្លើងបានឆាបឆេះពេញបន្ទុកជាយូរទៅហើយនោះ នឹងបានបំផ្លាញសម្ភារៈ របស់របរ និងមុខទំនិញរបស់ក្រុមអាជីវករ តាមតូបនិមួយៗក្លាយទៅជាផេះស្ទើទាំងស្រុងទៅហើយ។

ចំពោះទំហំនៃការខូចខាតសម្ភារៈ មុខទំនិញ ដោយសារអគ្គីភ័យលេបត្របាក់នោះ គេមិនទាន់ស្រង់តួលេខឲ្យបានជាក់លាក់នៅឡើយ ប៉ុន្តែបើតាមក្រុមជំនាញ និងអាជ្ញាធរបានបញ្ជាក់អះអាងថា ពេលមានករណីអគ្គីភ័យឆាបឆេះភ្លាមៗ គ្មានបងប្អូនអាជីវករណាម្នាក់បានជញ្ជូនសម្ភារៈ ឬមុខទំនិញណាមួយបានឡើយ ព្រោះពេលមានការភ្ញាក់ផ្អើល អណ្តាតភ្លើងបានឆាបឆេះពេញបន្ទុកទៅហើយ បើទោះជាមានអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យបែបណាក៏ដោយ៕ សេង ណារិទ្ធ