​បុរស​ម្នាក់​រងរបួស​ក្រោម​ផ្លែ​ពូថៅ​របស់​បងថ្លៃ​យ៉ាងធ្ងន់ធ្ងរ​

0

កណ្តាល ៖ បុរស​បងថ្លៃ និង​ប្អូនថ្លៃ​រួម​តុ​ហូប​ស្រា​ជាមួយគ្នា​គ្រាន់តែ​ទាស់​ពាក្យសំដី​គ្នា​បន្តិចបន្តួច ក៏​ផ្ទះ​នូវ​អំពើហិង្សា​តាម​អំណាច​ស្រា ស បុរស​ជា​បងថ្លៃ​ទាញ​ពូថៅ​កាប់​ក្បាល​ប្អូនថ្លៃ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ប​ញ្ចូ​ន​ទោ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កៀនស្វាយ ។ រីឯ​បុរស​ជនដៃដល់​ក្រោយពី​កើតហេតុ​បានដាក់​មេ​ផាយ​រត់​ចោលផ្ទះ​បាត់ស្រមោល ។​

អំពើហិង្សា​ដោយ​ចេតនា​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃទី​១២ ខែសីហា នៅ​ចំណុច​ភូមិ​ដីឥដ្ឋ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​ ប្រភព​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតឡើង​ទំនាស់​រវាង​បងថ្លៃ​-​ប្អូនថ្លៃ ផ្តើមចេញពី​បងថ្លៃ​រករឿង​វៃ​ប្រពន្ធ ក្នុងពេលនោះ​បុរសរងគ្រោះ​ប្អូនថ្លៃ​បាន​តបត​ប្រើ​ពាក្យសំដី​បែប​មិនសូវ​គោរព​បងថ្លៃ ក៏​ផ្ទុះ​រឿង​ក្តៅស្លឹកត្រចៀក គួបផ្សំ​ស្រា​នៅក្នុង​ពោះ​ស្រាប់​ផង​ធ្វើ​ភ្លើងកំហឹង​ពុះកញ្ជ្រោល​ឡើង​ទប់​កំហឹង​មិនបាន​ទាញ​ពូថៅ​កាប់​ទៅលើ​ប្អូនថ្លៃ ប្រាវ​បែកក្បាល​ហូរឈាម​ស្រោច​ពេញ​ខ្លួន និង​រងរបួស​ដៃ​បង្ក​ឲ្យ​ផ្អើល​ពេញ​ភូមិ​តែម្តង ។​

ជនរងគ្រោះ​ដែល​រងរបួស​ក្រោម​ផ្លែ​ពូថៅ​ឈ្មោះ ខ្មៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ជនដៃដល់​ត្រូវជា​បងថ្លៃ​ឈ្មោះ ម៉ៅ ភា​រី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ក្រោយពី​បង្ក​របួសស្នាម​រូ​ច​បាន​រត់​គេចខ្លួនបាត់​ស្រមោល ។ តែ​ទោះជា​ព្យាយាម​រត់គេចខ្លួន​ក៏ដោយចុះ​សមត្ថកិច្ច​ប៉ូលិស​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ​បាន​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ផងដែរ ៕