(ខេត្តកំពត)៖ ថ្វីត្បិតតំបន់ទេសចរណ៍នានាទូទាំងកែប ពុំសូវមានក្រុមភ្ញៀវមកទស្សនា ប៉ុន្តែបើក្រលេកមើលការលក់ដូរគ្រឿងសមុទ្រនៅក្នុងផ្សារនៃតំបន់ខាងលើហាក់នៅតម្លៃធម្មតា គ្មានភាពប្រែប្រួល ដែលជាកត្តាមួយបង្កភាពងាយស្រួលដល់ពលរដ្ឋមានលទ្ធភាពអាចប្រកបអាជីវកម្មរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព និងចិញ្ចឹមគ្រួសារបានកាន់តែប្រសើរ។នេះបើយោងតាមការលើកឡើង ពី លោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប និងលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។
ទាក់ទិននឹងវិស័យទេសចរណ៍ លោក សោម ចិន្តាបានឲ្យដឹងដែរថា ដោយសារតែបញ្ហាកូវីដ-១៩ ហាក់ពុំសូវមានភ្ញៀវមកទស្សនា សម្រាកលម្ហែនៅរមណីយដ្ឋានឆ្នេរកែប ដូចមុនក៏ពិតមែន ប៉ុន្តែបើក្រលេកមើលមុខរបរ និងអាជីវកម្មប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ នៅតែមានសកម្មភាពដូចមុនដដែល។
ទោះជាយ៉ាងណាក្តី លោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប បានបញ្ជាក់ថា ទោះជាប្រទេសកម្ពុជាយើង ពិសេសខេត្តកែប កំពុងរងនូវវិបត្តិកូវីដ-១៩ តែការលក់ដូរទំនិញនិងគ្រឿងសមុទ្រ គឺមានហាងឆេងធម្មតា(តម្លៃទូទៅ)។ប៉ុន្តែមានពេលខ្លះតម្លៃគ្រឿងសមុទ្រអាចមានហាងឆេងឡើងចុះបន្តិចបន្តួច។
លោកប្រធានបានបញ្ជាក់ផងដែរថា សម្រាប់តម្លៃទូទៅក្នុងសប្តាហ៍នេះ ដូចជា៖ បង្គាស្រស់លេខ១ ក្នុង១គីឡូក្រាម តម្លៃ ៥០,០០០៛,មឹកស្រស់លេខ១ ក្នុង១គីឡូក្រាម តម្លៃត្រឹមតែ ៤៥,០០០៛ ,ក្តាមសេះលេខ១ តម្លៃចាប់ពី ៦៥,០០០៛ ទៅ ៧០,០០០៛។
ដោយឡែកបើយោងតាម ការលើកឡើង ពីលោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត ក៏បានបញ្ជាក់ផងដែរថា តម្លៃគ្រឿងសមុទ្រ រួមទាំងមុខទំនិញផ្សេងៗ នៅទីផ្សារខេត្តកំពត ក៏មានហាងឆេងប្រហាក់ប្រហែលគ្នានឹងខេត្តកែបដែរ ជួនកាលអាចខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ៕ សេង ណារិទ្ធ