ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤នេះ ដោយផ្អែកតាមការលើកឡើង របស់អនុប្រធានសភាជាតិរបស់ ប្រទេសវៀតណាម លោកស្រី ង្វៀន ធី គីម ងាន់ បាននិយាយថា វៀតណាម នឹងធ្វើសហប្រតិបត្តិការជួញដូរអង្ក ជាមួយប្រទេសទីម័រខាងកើត ក្នុងគោលបំណងជួយផ្គត់ផ្គង់ ស្ថិរភាពស្បៀងអាហារប្រទេសនោះ។ កាលពីថ្ងៃពុធ ម្សិលមិញនេះ លោកស្រី ងាន់ បានធ្វើការកត់សម្គាល់នៅទីក្រុង ហាណូយ ខណៈដែលលោកស្រី បានជួបជាមួយសមភាគី ទីម័រខាងកើត លោក អាឌ្រីយ៉ាណូ ណាស្កីមមីនតូ ដែលលោកកំពុងទស្សនកិច្ច នៅវៀតណាមស្រាប់។ លោកស្រី ងាន់ បានជម្រុញឲ្យវៀតណាម និងទីម័រខាងកើត ធ្វើនីតិកាលគាំទ្រដល់ប្រទេសទាំងពីរ ដោយចាប់ផ្តើមវិនិយោគ នៅក្នុងតំបន់ដែលមាន សក្តានុពលទាំងសងខាង។
ភ្ញៀវដែលអញ្ជើញមកពីប្រទេសទីម័រខាងកើត ក៏បាននិយាយនៅក្នុងជំនួបនោះដែរថា ប្រទេសពួកយើងស្វាគមន៍ជានិច្ច ចំពោះការចាប់ផ្តើម សកម្មភាពវិនិយោគ ជាមួយវៀតណាម ដែលនាំសារប្រយោជន៍ ដល់ប្រទេសរៀងៗខ្លួន។ បើតាមសារព័ត៌មានវៀតណាម អ៊ីផតថល បានផ្សាយកាលពីថ្ងៃពុធថា ទស្សនកិច្ចរបស់អនុប្រធានសភាជាតិ ទីម័រខាងកើត លោក អាឌ្រីយ៉ាណូ ណាស្កីមមីនតូ មានបំណងផ្សព្វផ្សាយសហប្រតិបត្តិការ ជាមួយប្រទេសវៀតណាម ដើម្បីចែករំលែកបទពិសោធន៍ ក្នុងការបង្កើតច្បាប់ សម្របសម្រួលនៅក្នុងតំបន់ និងវេទិកាសភាពិភពលោក៕