ខេត្តកំពង់ធំ៖ សំណង់រ៉ឺងសាងសង់យ៉ាងអាណាធិបតេយ្យ នៅលើចំណីផ្លូវសាធារណៈ បានកើតមានជាហូរហែរ បើទោះបីជា មានការហាមឃាត់ពី មន្ទីរសូរិយោដី និងសំណង់ខេត្តក៏ដោយ ក៏នៅតែម្ចាស់ការដ្ឋាននៅតែសាងសង់ដោយឥតញញើតច្បាប់ដែរ ធ្វើឲ្យមានការសង្ស័យថា បើខ្មោចស្រុកមិនឲ្យដៃ ខ្មោចព្រៃឯណាទៅហ៊ាន គឺសំដៅទៅលើថ្នាក់ដឹកនាំស្រុក និងភូមិបាលស្រុក ខ្វះលទ្ធភាព ក្នុងការគ្រប់គ្រងសំណង់ក្នុងដែនសមត្ថកិច្ចរបស់ ខ្លួន ។
ជាក់ស្តែងនៅរសៀលថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២១ សំណង់សាងសង់អាគារចំនួន២កន្លែង កន្លែងទី១នៅទីប្រជុំជនជិតបេនឡាន បានសាងសង់អាគារ៤ល្វែង៣ជាន់ ជាកម្មសិទ្ធរបស់អ្នកស្រី តឹង តន់ និងនាង ជិម ណារ៉ុម ស្ថិតនៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ និងទី២ ស្ថិតនៅខាងលិចស្ទឹងស្ទោង៣០ម៉ែត្រ ដោយសំណង់ទាំងនេះសុទ្ធសឹងតែសាងសង់ដោយគ្មានច្បាប់អនុញ្ញាត និងពុំមានប្លង់កម្មសិទ្ធនោះឡើយ ដោយសារតែ ជាចំណីផ្លូវជាតិលេខ៦ ដែលកំណត់ដោយមាត្រាច្បាប់ ដោយវាស់ពីអាក់ផ្លូវម្ខាង៣០ម៉ែត្រ តែច្បាប់បានអនុឡោឲ្យអ្នកដែលរស់នៅលើផ្លូវពីមុនមក ឲ្យរស់នៅបន្តតែហាមសាងសង់បន្ថែម ដោយសារតែគ្មាន ការអនុញ្ញាតព្រោះជាដីចំនីផ្លូវ។
សម្រាប់ការសាងសង់សំណង់ផ្ទះល្វែង៤ល្វែង ៣ជាន់របស់លោកស្រី តឹង តន់ និងនាង ជិម ណារ៉ុម បានដំណើរការសាងសង់ជាធម្មតា បើទោះបីជាមានក្រុមការងារថ្នាក់ខេត្តចុះមកផ្អាកការសាងសង់បណ្តោះអាសន្មក៏ដោយ យោងតាមរបាយការ របស់មន្ទីរសូរិយោដីខេត្តផ្ញើរជូនអង្គភាព ខេមរា នៅថ្ងៃនេះ មានសំណេះដូចខាងក្រោម
ជាតំបន់ទីប្រជុំជន ចុះបញ្ជីលក្ខណៈជាប្រព័ន្ឋ ដោយទុកផ្លូវជាតិលេខ៦ទំហំ៦០សាងខាងផ្លូវ ម្ចាស់សំណង់ពុំមាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនាវត្ថុ ការចុះពិនិត្យជាក់ស្តែង ជំនាញបានធ្វើរបាយការណ៍ជូន ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ គណកម្មាការរៀបចំដែនដី សម្រេចផ្អាកការសាងសង់ជាបណ្តោះអាសន្ន នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សំណង់ផ្ទះល្វែង របស់លោកស្រី តឹង តន់ និងនាង ជិម ណារ៉ុម នៅតែដំណើរការសាងសង់ដដែល លោក អ៊ឹម សុឌីណា ប្រធានមន្ទីរសូរិយោដី និងសំណង់ខេត្តកំពង់ធំ បានឆ្លើយតប តាមប្រព័ន្ឋតេក្រាម ថា ( មន្ទីរបានចុះទៅពិនិត្យ និងផ្អាកការសាងសង់នេះជាបណ្តោះអាសន្ន និងបានរបាយការណ៏ជូនទៅឯកឧត្តមអភិបាលខេត្ត រួចរាល់ហើយ តែបើសកម្មភាពការសាងសង់នេះនៅតែបន្ត មន្ទីរនិងចាត់ក្រុមការងារដោយសហការណ៏ជាមួយរដ្ឋបាលខេត្តចុះទៅពិនិត្យថែមទៀត )។
មហាជនបានកំពុងតែរងចាំមើលថា តើអាជ្ញាធរ និងសមត្ថកិច្ចជំនាញអាចមានលទ្ធភាពគ្រប់គ្រាន់ដែរឬទេ ក្នុងការទប់ស្កាត់ការសាងសង់សំណងទាំង២កន្លែងនេះ ព្រោះឥលូវបំរាមការសាងសង់របស់ជំនាញសាបដូចទឹកទន្លេ (ឆ្មាចេះតែដេក កណ្តុរពាំចំណី) ជាពិសេសការអនុវត្តច្បាប់របស់សមត្ថកិច្ចកាន់តែចុះខ្សោយគ្មានប្រសិទ្ធភាព។ដោយ ប៊ុន រដ្ឋា