ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់និងប្អូនស្រី២នាក់ទៀតរងរបួសស្រាល ខណៈកំពុងជិះម៉ូតូមួយ គ្រឿង ទៅលេងផ្ទះបងប្អូននៅម្ដុំបឹងត្របែកបត់ឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវម៉ូតូមួយគ្រឿងបុកចំពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៤ខែសីហាឆ្នាំ
២០១៤ ត្រង់ចំណុចក្បែរក្រសួងរៀបចំដែនដី តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌ ចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះ ម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ស៊េរីចាស់ ពណ៌ក្រហម ពាក់ស្លាកលេខ ត6065 ភព១ ឌុបប្អូនស្រី២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សចេញពីផ្ទះនៅម្ដុំក្បាលថ្នល់ទៅលេងផ្ទះបងប្អូននៅម្ដុំបឹងត្របែក ទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុក៏បត់ឆ្វេងឆ្ពោះទៅផ្លូវលេខ៤៣៦ក៏មាន ម៉ូតូមួយគ្រឿងមិនចាំម៉ាក ជិះធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ជិះក្នុង ល្បឿនយ៉ាងលឿន ក៏បានបុកគ្នាចំពេញទំហឹងបណ្ដាលអោយបុរសជាបងរងរបួស ធ្ងន់បែក ក្បាល ហូរឈាមសន្លប់ជាង១០នាទីទើបដឹងខ្លួន ហើយប្អូនស្រីទាំង២នាក់ដែលអង្គុយពី ក្រោយសំណាង ល្អគ្រាន់តែរងរបួសស្រាល ចំណែកម៉ូតូ បង្ករងរបួសបន្តិចបន្តួចក៏លើកម៉ូតូហើយជិះគេចខ្លួនបាត់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗ ចំណែកជនរងគ្រោះត្រូវបងប្អូន ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដោយខ្លួនឯងផងដែរ៕




































