ខេត្តបន្ទាយមានជ័យ ត្រៀមរៀបចំដាក់ឲ្យដំណើរការថែទាំព្យាបាលអ្នកជំងឺកូវីដ-19 នៅតាមផ្ទះ

0

បន្ទាយមានជ័យ៖ តាមអនុសាសន៍ណែនាំ យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរខេត្តបន្ទាយមានជ័យ សហការជាមួយគណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ-19 បានរៀបចំដាក់ឲ្យដំណើរការថែទាំការព្យាបាលអ្នកជំងឺកូវីដ-19 នៅតាមផ្ទះ។
នៅព្រឹកថ្ងៃទិ២៤ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ ព្រមទាំងអភិបាលរងខេត្តក្រុមការងារ មន្ទីរសុខាភិបាល មន្ទីរពេទ្យ អាជ្ញាធរក្រុង/ស្រុកទាំង៩ ចូលរួមវគ្គបណ្តុះបណ្តាល ”នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រងថែទាំនិងព្យាបាលអ្នកជំងឺកូវីដ-19 នៅតាមផ្ទះ” តាមប្រព័ន្ធ ZOOM ក្រោមការដឹកនាំសម្របសម្រួលរបស់ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ដោយបានគោលការណ៍ឯកភាព ពីក្រសួងសុខាភិបាល ក្រោមការសម្របសម្រួលពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រដ្ឋបាលខេត្តបន្ទាយមានជ័យបានដំណើរការវគ្គបណ្តុះបណ្តាលនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រងថែទាំនិងព្យាបាល អ្នកជំងឺកូវីដ-19 នៅតាមផ្ទះដើម្បីឈានទៅដល់ការដំណើរការនាពេលខាងមុខនេះ។
ឯកឧត្តម អ៊ុ រាត្រី ក្នុងនាមអាជ្ញាធរខេត្តបន្ទាយមានជ័យ បានប្តេជ្ញាខ្ពស់ ក្នុងការសម្របសម្រួលដឹកនាំ ប្រតិបត្តិការងារ ថែទាំ ព្យាបាលអ្នកជំងឺកូវីដ-19 តាមផ្ទះនេះ ឲ្យបានជោគជ័យ ក្នុងនោះរដ្ឋបាលខេត្ត បានរៀបចំក្រុមការងារប្រចាំការងារខេត្ត និងជាក្រុមតាមស្រុក/ក្រុង និងក្រុមប្រចាំការ Hot line និងក្រុមគ្រូពេទ្យ តាមការណែនាំរួចហើយផងដែរ។ជាជំហ៊ានដំបូងនេះ រដ្ឋបាលខេត្តនឹងដាក់ឲ្យដំណើរការ ថែទាំ ព្យាបាលតាមផ្ទះ ចំពោះក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ។
ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់តាមប្រព័ន្ធZoom ថា ការប្រកាសឲ្យប្រើប្រាស់ការថែទាំព្យាបាលតាមផ្ទះ មានសារៈសំខាន់ណាស់ក្នុងការជួយដោះស្រាយការលំបាករបស់អាជ្ញាធរទាំងការកាត់បន្ថយការចំណាយ តាមអនុសាសន៍ណែនាំ យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមការងារទាំងអស់ទាំងគ្រូពេទ្យ មន្ទីរសុខាភិបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ដោយស្មារតីប្រុងប្រយ័ត្ន នៅពេលអនុវត្តន៍កិច្ចការនេះ៕