ភ្នំពេញ ៖ យុវជន៦នាក់ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍បឹងព្រលឹតដែលកំពុងល្បាតប្រទះឃើញហើយមានការសង្ស័យក៏ឃាត់ត្រួតពិនិត្យរកឃើញដំបងឈើ២ដើម រួចក៏នាំមកប៉ុស្ដិ៍ដើម្បីធ្វើការសាកសួរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី
១៥ខែសីហាឆ្នាំ២០១៤ ត្រង់ចំណុចក្បែរធនាគារ ABA តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូល្បាតក្នុងមូលដ្ឋានក៏ប្រទះឃើញយុវជន៦នាក់ជិះម៉ូតូ២គ្រឿងមួយគ្រឿងម៉ាកគុប ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ តាកែវ 1H-1079 និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1G-3569 បានឈប់នៅក្បែរធនាគារABA តាមបណ្ដោយផ្លូវព្រះមុនីវង្ស ហើយឈប់ម៉ូតូនៅចំណុចស្ងាត់ ដោយមានការសង្ស័យសមត្ថកិច្ចក៏បានជិះម៉ូតូចូលទៅក្បែរដើម្បីត្រួតពិនិត្យក៏ប្រទះឃើញដំបូងឈើ២ដើមនៅក្បែរនោះ រួចសមត្ថកិច្ចក៏បាននាំខ្លួនមកប៉ុស្ដិ៍ដើម្បីធ្វើកំណត់ហេតុនិងអប់រំ ដោយសារយុវជនទាំង៦នាក់មិនទាន់បានធ្វើសកម្មភាពអ្វីនោះទេ ប៉ុន្តែបើសិនមានករណីលើកក្រោយទៀតសមត្ថកិច្ចនិងអនុវត្តទៅតាមនីតិវិធីច្បាប់។ ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានហៅក្រុមគ្រួសារយុវជនទាំង៦នាក់មកធ្វើកិច្ចសន្យាធានានាំទៅផ្ទះវិញរួចធ្វើការអប់រំបន្ថែមទៀត៕




































