បែកធ្លាយរឿងអំពើពុករលួយ ចេញពីវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៣

0

ខេត្តបាត់ដំបង: ថ្មីៗនេះក្រោយពីលោកវរសេនីយ៍ឯក យឹម វិចិត្រ មេបញ្ជាការ នគរបាលការពារព្រំដែនគោកលេខ ៨២៣ ត្រូវបានលោកឧត្តមសេនីយ៍ទោ ស្នងការ សាត គឹមសាន ដកមកបញ្ឈរជើងនៅការិយាល័យបុគ្គលិក អស់មួយរយ: ពាក់ព័ន្ធនិងរឿងមន្ត្រីក្រោមឱវាទប្តឹងរួចមក ក៏ស្រាប់តែធ្លាយរឿងដ៏អាស្រូវបន្ថែមទៀតទាក់ទិននឹងការប្រព្រឹត្តអំពើពុករលួយនៅក្នុងអង្គភាព ស្របពេលដែលមន្ទីរបរិស្ថានកំពុងដាក់ពាក្យប្តឹងទៅក្រសួងដើម្បីសុំដីកាដកហូតដីរាប់សិបហិកតា នៅតាមបណ្តោយព្រំដែនថៃដែលលោកវរសេនីយ៍ឯក យឹម វិចិត្រ ទន្ទ្រានយកមកធ្វើជាកម្មសិទ្ធិនាពេលកន្លងមក។

គួរបញ្ជាក់ថា លោក យឹម វិចិត្រ មែបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៨២៣ ប្រចាំទិសសំឡូត តែងតែមានរឿងអាស្រូវជាប់មករហូតដែលធ្វើអោយមន្ត្រីក្រោមឱវាទភាគច្រើនមានការមិនពេញចិត្តទាល់តែសោះ ដោយសារតែការប្រើពាក្យមិនសមរម្យ និងអសុរសបំផុត។

ក្រោយពីរូបលោកត្រូវបានដកមកកាន់ការិយាល័យបុគ្គលិករួចមក ក៏ស្រាប់តែបែកធ្លាយរឿងអាស្រូវចេញមកជាបន្តបន្ទាប់ដូចជាការរុករាន ទន្ទ្រានដីរបស់បរិស្ថានយ៉ាងល្វឹងល្វើយក្បែខ្សែបន្ទាត់ព្រំដែនថៃ ក្នុងទឹកដីស្រុកសំឡូត ដែលបច្ចុប្បន្ននេះលោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានដាក់ពាក្យប្តឹងរួចរាល់ហើយ ក្នុងគោលបំណងដកហូតដីទាំងនោះយកមកដាក់ជាសម្បត្តិរដ្ឋវិញ។

ថ្មីៗនេះក៏បានធ្លាយរឿងរបស់លោកវរសេនីយ៍ឯក យឹម វិចិត្រ មេបញ្ជាការ និងលោក វរសេនីយ៍ទោ ស សាវឿន ដែលជាមេបញ្ជាការរង ៨២៣ បានឃុបឃិតគ្នាយកលុយពីមន្ត្រីក្នុងអង្គភាពជាច្រើននាក់ ដែលក្នុងម្នាក់ៗអស់ចាប់ពី ៤០០ ដុល្លារ ដល់ ១.២០០ ដុល្លារ ដើម្បីផ្លាស់ប្តូរតួនាទីទៅកាន់ជាមេប៉ុស្តិ៍ និងនាយរងប៉ុស្តិ៍ តាមខ្សែបន្ទាត់ព្រំដែនថៃ។

ជុំវិញបញ្ហានេះលោកវរសេនីយ៍ទោ ស សាវឿន បានបញ្ជាក់ប្រាប់តាមរយ:ទូរស័ព្ទនាថ្ងៃទី២៤ កក្កដា នេះថា លោកមិនហ៊ានទេព្រោះលោកក៏ជាកូនចៅគេដែរ មានតែមេទេដែលមានសិទ្ធិ។ បើទោះបីជាលោកប្រឹងប្រែងព្យាយាមបដិសេធន៍យ៉ាងណាក៏ដោយ ក៏បញ្ហានេះលោក វេ គឹមសុីម នាយការិយាល័យបុគ្គលិកធ្លាប់ហៅមកណែនាំម្តងរួចមកហើយ ព្រោះឯកសារមានគ្រប់គ្រាន់។

បច្ចុប្បន្នក្រោយពីមានលិខិតបង្គាប់ការ ប្រកាសតែងតាំងលោកវរសេនីយ៍ទោ មាស មឿន ដែលជាមេបញ្ជាការរង អោយទៅជាមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៣ ជាបណ្តោះអាសន្នរួចមក ក៏មានមន្ត្រីក្នុងអង្គភាពជាច្រើនបានសំណូមពរដល់ថ្នាក់ដឹកនាំ សុំកុំអោយមានការវិលត្រឡប់វត្តមានរបស់មេបញ្ជាការមុនវិញអោយសោះដោយសារតែពួកគេមិនពេញចិត្តនូវអត្តចរិកដែលមិនសមជាមេបញ្ជាការឡើយ៕ ដោយ: សោ និយមរ័ត្ន