មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បន្តគោរពនិងអនុវត្តតាមវិធានការ ៣កុំ ៣ការពាររបស់ រាជរដ្ឋាភិបាល ដោយបានធ្វើតេស្តរហ័សទៅលើបុគ្គលិកមន្ទីរ និងប្រជាពលរដ្ឋដែលមកទទួលយកសេវាសាធារណៈជារៀងរាល់ថ្ងៃ និងបានរកឃើញបុរសម្នាក់មានវិជ្ជមានកូវីដ-១៩ នៅក្នុងថ្ងៃនេះ !

ខេត្តព្រះវិហារ៖ មន្ត្រីបង្គោល៣នាក់ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលទើបត្រូវបានបញ្ចប់វគ្គបណ្តុះបណ្តាល លើជំនាញតេស្តរហ័ស នៅរយៈពេលថ្មីៗកន្លងមកនេះ បានចាប់ផ្តើមចុះអនុវត្តវិធានការ ៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ទៅតាមគោលការណ៍របស់ ប្រធានមន្ទីរសាធារណការខេត្ត លោក សំលាងទ្រី ដោយអនុវត្តទៅលើបគ្គលិកមន្ទីរ និងប្រជាពលរដ្ឋ ដែលបានមកទទួលយកសេវាសាធារណៈពីមន្ទីរ ជារៀងរាល់ថ្ងៃនោះ នៅថ្ងៃទី២៩កក្កដាឆ្នាំ២០២១នេះ មន្ត្រីបង្គោលបានធ្វើតេស្តរហ័ស ដោយប្រើឧបករណ៍ អង់ទីហ្សែនកូវីដ-១៩(Ag Rapid Test Device) និងបានរកឃើញបុរសម្នាក់ មានផ្ទុកមេរោគកូវីដ-១៩ មកពីខេត្តស្វាយរៀង និងបានបញ្ជូនទៅឲ្យមន្ទីរសុខាភិបាលខេត្ត នៅក្នុងពេលនោះភ្លាមៗ ផងដែរ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានថ្លែងថា នៅពេលកន្លងមកនេះ លោកបានបញ្ជូនមន្ត្រី៣នាក់ ទៅបណ្តុះបណ្តាលលើជំនាញតេស្តរហ័ស ដើម្បីជាជំនួយបន្ថែម ដល់កិច្ចការងារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងក្រោយការបញ្ចប់វគ្គបណ្តុះបណ្តាលនោះ មន្ត្រីបង្គោលទាំង៣រូប បានវិលចូលបំពេញការងារនៅមន្ទីរវិញ ហើយបានចាប់ផ្តើមបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ដោយបានធ្វើតេស្តទៅលើថ្នាក់ដឹកនាំ បុគ្គលិកមន្ទីរ និងប្រជាពលរដ្ឋ ដែលមកទទួលសេវាសាធារណៈនៅមន្ទីរ ក៏ត្រូវបានធ្វើតេស្តរកមេរោគកូវីដ-១៩ ជាមុនសិន ទើបអនុញ្ញាតឲ្យចូលទៅបំពេញភារកិច្ច និងទំនាក់ទំនងការងារ នៅក្នុងបរិវេណមន្ទីរសាធារណការខេត្តព្រះវិហារ។
លោក សំ លាងទ្រី បានថ្លែងទៀតថា ចំពោះឧបករណ៍តេស្តរហ័ស អង់ទីហ្សែនកូវីដ-១៩ (Ag Rapid Test Device) ដែលកំពុងប្រើប្រាស់ក្នុងការធ្វើតេស្តរកមេរោគកូវីដ-១៩ និងសម្ភារសុខាភិបាលជាច្រើនទៀត នៅពេលនេះ គឺបានមកពីការឧបត្ថម្ភរបស់ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ដែលបានគាំទ្រលើសកម្មភាពនេះ ដើម្បីធានាសុខភាពជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទៅ។
លោក សំ លាងទ្រី បានបញ្ជាក់ថា ការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ នេះ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរសាធារណការខេត្ត តម្រូវឲ្យធ្វើតេស្តក្នុងរយៈពេល ២សប្តាហ៍ម្តង។ រីឯប្រជាពលរដ្ឋដែលចូលមកក្នុងបរិវេណមន្ទីរ ដើម្បីទំនាក់ទំនងទទួលយកសេវានានា តម្រូវឲ្យធ្វើតេស្តជារៀងរាល់ម៉ោង និងរាល់ថ្ងៃបំពេញការងារ ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលនៅតែសង្កេតឃើញថា ហាក់គ្មានការថមថយទាល់តែសោះ។ លោកថា ការធ្វើតេស្តរហ័ស ដោយឧបករណ៍អង់ទីហ្សែនកូវីដ-១៩(Ag Rapid Test Device) នេះ កាលពីថ្ងៃ២៨កក្កដា២០២១ មន្ត្រីបង្គោលបានធ្វើតេស្តទៅលើបុគ្គលិក ក្នុងនោះមន្ត្រីកិច្ចសន្យា ២នាក់របស់មន្ទីរ សរុប ចំនួន ១៣ នាក់ លទ្ធផលបានបង្ហាញពីអវិជ្ជមានទាំងអស់គ្នា។ ប៉ុន្តែ ការធ្វើតេស្តនៅក្នុងថ្ងៃទី២៩កក្កដានេះ លទ្ធផលបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់ មកពីខេត្តស្វាយរៀង ដែលបានចូលមកទទួលយកសេវាសាធារណៈ នៅក្នុងមន្ទីរសាធារណការខេត្ត និងក្រោយការរកឃើញផ្ទុកមេរោគកូវីដ-១៩ បុរសម្នាក់នោះ ត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាល នៅក្នុងពេលនោះភ្លាមៗ ផងដែរ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានបញ្ជាក់ទៀតថា គិតត្រឹមថ្ងៃ២៨កក្កដា២០២១ មន្ត្រីបង្គោលដែលជាក្រុមការងារមន្ទីរ បានធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ សរុបចំនួន ១៣១នាក់ ស្រី ២២នាក់ ជាលទ្ធផលអវិជ្ជមានទាំងអស់។ ប៉ុន្តែ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានធ្វើតេស្ដរហ័ស រកឃើញ មានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ ឈ្មោះ ធុង រដ្ឋា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិទទារ ឃុំចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្នុងពេលចូលមករកទទួលសេវាសាធារណ:នៅមន្ទីរ និងបានបញ្ជូនឲ្យមន្ត្រីជំនាញសុខាភិបាល សម្រាប់ការព្យាបាលនោះហើយដែរ។
សូមជម្រាបថា ការដាក់ឧបករណ៍ អង់ទីហ្សែនកូវីដ-១៩(Ag Rapid Test Device) ដើម្បីធ្វើតេស្តរកមេរោគជំងឺកូវីដ-១៩ សម្រាប់ត្រួតពិនិត្យសុខភាពលើថ្នាក់ដឹកនាំ មន្ត្រីមន្ទីរ និងសាធារណជន ដែលចូមកមកបំពេញការងារ និងទំនាក់ទំនងកិច្ចការងារសាធារណៈ ក្នុងចំណោមមន្ទីរទាំងអស់ ក្នុងខេត្តព្រះវិហារ គេបានឃើញ មានតែមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មួយប៉ុណ្ណោះ ដែលដឹកនាំដោយ លោក សំ លាងទ្រី គឺបានអនុវត្តមុនគេបង្អស់៕ ដោយ៖ឡុង សំបូរ