រដ្ឋបាលខេត្តព្រះវិហារ បានសម្រេចដាក់ចេញ នូវវិធានការរដ្ឋបាល ជាបណ្តោះអាសន្ន ក្នុងការបិទខ្ទប់ភូមិសាស្រ្ត ខេត្តព្រះវិហារ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលក្នុងសហគមន៍ នៃជំងឺកូវីដ-១៩ ប្រភេទដែលតា (Delta)។
សេចក្តីសម្រេចនេះ បានធ្វើឡើងនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២១ លេខ ១០៩/២១ សសរ ក្រោយពីមានសេចក្តីសម្រេចលេខ ៨២ សសរ ចុះថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃជំងឺកូវីដ-១៩ ប្រភេទដែលតា (Delta)។
យោងតាមភាពចាំបាច់របស់រដ្ឋបាលខេត្តព្រះវិហារ សម្រេចត្រូវអនុវត្តវិធានការដ្ឋបាលជាបណ្តោះអាសន្ន ក្នុងតំបន់បិទខ្ទប់ភូមិសាស្ត្រខេត្តព្រះវិហារ សម្រាប់រយៈពេល ១៤ថ្ងៃ ចាប់គិតពីវេលាម៉ោង ២៣ និង៥៩នាទី នាថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ខែសីហាឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ ដែលបណ្តាលមកពីមេរោគកូវីដ១៩ ប្រភេទ ដែលតា (Delta)៕





































