ខេត្តព្រះវិហារ៖ អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករវៀង លោក ហោ ប៊ុនហួរ បានដឹកនាំមន្ត្រី នៃកងកម្លាំងប្រដាប់អាវុធទាំង៣ រួមទាំងមន្ត្រីសុខាភិបាលនៅក្នុងមូលដ្ឋាន ចុះទៅកាន់ព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១ នេះ។
អភិបាលស្រុករវៀង លោក ហោ ប៊ុនហួរ បានថ្លែងថា ដំណើរឆ្ពោះទៅកាន់ព្រំប្រទល់ខេត្តទាំងពីររបស់ អាជ្ញាធរមានសមត្ថកិច្ចនាពេលនោះ គឺដើម្បីត្រួតពិនិត្យ ការពង្រឹងកម្លាំងសមត្ថកិច្ច និងការលើកទឹកចិត្តដល់មន្ត្រីជំនាញ ដែលកំពុងចុះអនុវត្តសេចក្តីសម្រេចលេខ ៨២ សសរ និងការអនុវត្តសេចក្តីណែនាំលេខ០៤ សសរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១របស់ រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីសម្រេចលេខ១០៥ /២១ សសរ របស់រដ្ឋបាលខេត្តព្រះវិហារ ក្នុងការរឹតបន្តឹង និងការបិទខ្ទប់លើការធ្វើដំណើរឆ្លងកាត់ព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ប្រភេទដែលតា ( Delta ) កុំឲ្យមានការឆ្លងចូលក្នុងសហគមន៍ នៃខេត្តព្រះវិហារ។
លោក ហោ ប៊ុនហួរ បានបញ្ជាក់ថា នៅក្នុងការចុះពង្រឹងការត្រួតពិនិត្យនោះ គឺមានរថយន្តអ្នកដំណើរជាច្រើនគ្រឿង បានធ្វើដំណើរឆ្លងកាត់ព្រំប្រទល់ខេត្តទាំងពីរ ដែលជាតំបន់ភូមិសាស្ត្រ ត្រូវបានប្រកាសឲ្យមានការបិទខ្ទប់ការឆ្លងកាត់ ក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោង ២៣ និង៥៩នាទី ថ្ងៃ២៩កក្កដា ដល់ថ្ងៃ១២សីហាឆ្នាំ២០២១។ លោកថា រថយន្តដែលត្រូវឃាត់នៅក្នុងពេលនោះ គឺរថយន្តប្រភេទទេសចរណ៍ រថយន្តការធ្វើដំណើរជាលក្ខណៈគ្រួសារ ត្រូវបានហាមឃាត់ និងណែនាំមិនឲ្យមានការឆ្លងកាត់ទៀតនោះទេ ចំណែក រថយន្តអ្នករាជការសាធារណៈ ត្រូវតែមានលិខិតបញ្ជាបេសកកម្មចេញពីអង្គភាពសាម៉ី ទើបអនុញ្ញាតឲ្យឆ្លងកាត់ និងរថយន្តប្រភេទដឹកជញ្ជូន មិនត្រូវបានហាមឃាត់នោះទេ តែម្ចាស់រថយន្តដឹកទំនិញ ត្រូវទទួលបានការណែនាំពីមន្ត្រីជំនាញ ក្នុងការអនុវត្តវិធានការ ៣កុំ ៣ការពារ និងសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវ ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត។
គួរបញ្ជាក់ថា អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ កាលពីថ្ងៃ២៩កក្កដាម្សិលមិញ បានកោះអញ្ជើញមន្ត្រីខេត្ត និងមេបញ្ជាការ នៃកងកម្លាំងទាំង៣ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ខ្លឹមសារសេចក្តីសម្រេចលេខ៨២ សសរ ស្តីពីការបិទខ្ទប់ខេត្តតាមបណ្តោយព្រំដែន និងសារាចរណែនាំ ស្តីពីការដាក់ចេញយុទ្ធនាការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមរយៈប្រព័ន្ធ Zoom។ កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកបណ្ឌិត ម៉ម ប៊ុនហេង និង រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ នៅសាលប្រជុំ Video Conference សាលាខេត្តព្រះវិហារ។
កិច្ចប្រជុំនោះទៀត បានផ្តោតសំខាន់លើការអនុវត្តសារាចរស្តីពី ” ការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ” នៅទូទាំងប្រទេស សម្រាប់រយៈពេល១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១របស់ រាជរដ្ឋាភិបាលកម្ពុជា ។
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨កក្កដាឆ្នាំ២០២១ បានសម្រេច បិទខ្ទប់ភូមិសាស្ត្រខេត្តចំនួន ៨ជាប់ប្រំដែនថៃ ក្នុងប្រទេស រួមមាន៖ ខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ចាប់ពីម៉ោង២៣:៥៩នាកទី ថ្ងៃ២៩ កក្កដា ដល់ថ្ងៃ១២ សីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ដោយប្រគល់សិទ្ធជូន អភិបាលខេត្ត ដាក់ចេញវិធានការបិទខ្ទប់ ហាមឃាត់ការរឹតត្បិត ពិសេស ការឆ្លងកាត់ព្រំប្រទល់ខេត្ត ការជួបជុំ ការប្រមូលផ្តុំមនុស្ស និងសហការជាមួយខេត្តជាប់ព្រំដែន ក្នុងការត្រួតពិនិត្យការធ្វើដំណើរឆ្លងកាត់ ,អនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលមានផ្ទុកវិជ្ជមានកូវីដ១៩ និងអនុគណៈកម្មការមន្ទីរពិសោធន៍ ត្រូវសហការគាំទ្របន្ទាន់ដល់ខេត្តដែលត្រូវបិទខ្ទប់ ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល និងត្រូវចាត់វិធានការបន្ទាន់ ដើម្បីយកសំណាកទៅវិភាគរកប្រភេទមេរោគ នៅតំបន់លឿងទុំ និងតំបន់ក្រហម និងអភិបាលខេត្ត ត្រូវធ្វើកិច្ចសហប្រតិបត្តិការសម្របសម្រួល ជាមួយបណ្តាខេត្តរបស់ប្រទេសថៃ ក្នុងការអនុវត្តវិធានការ ជាពិសេសពលករខ្មែរដែលត្រូវវិលត្រលប់ពីប្រទេសថៃវិញ៕ ដោយ៖ឡុង សំបូរ





































