​​គ្រួសារ​អ្នកនេសាទ​មួយ​មាន​គ្នា​៥​នាក់​ត្រូវ​ឪម៉ាល់​ទិច​កុមារ​អាយុ​២​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ ​និង​៤​នាក់​ទៀត​ប្តី​ប្រពន្ធ​និង​កូន​ដឹក​មក​សង្គ្រោះបន្ទាន់​ក្នុង​មន្ទីរពេទ្យ​ខេត្ត​

0

​កំពង់ឆ្នាំង​៖​កុមារី​អាយុ​២​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ដោយសារ​សត្វ​ឪម៉ាល់​ទិច​និង​ប្តី​ប្រពន្ធ​កូន​៤​នាក់​ទៀត​ត្រូវបាន ដឹក​មក​សង្គ្រោះបន្ទាន់​ក្នុង​មន្ទីរពេទ្យ​ខេត្ត បន្ទាប់ពី​ពួកគេ​បាន​បើកកាណូត​ទៅ​នេសាទ​ត្រី​ក្នុងព្រៃ​បុក​សំបុក​ឪម៉ាល់​ធំ​មួយ​។​ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៤ នៅ​ចំណុច​ព្រៃ​ស្វាយ​ទា ក្នុងភូមិ​សាស្ត្រ ភូមិ​ពាម​ខ្នង ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង​។​ ​ ​DSC05283

ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​នេះ ឈ្មោះ វៀង យាំង​អ៊ុក អាយុ​២៦​ឆ្នាំ ជា​ប្តី​ក្រុមគ្រួសារ​ជនរងគ្រោះ​រស់នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បានអោយដឹងថា​៖​មុនពេល​កើតហេតុ​ក្រុមគ្រួសារ​គាត់​មាន​គ្នា​៥​នាក់ ប្តី​ប្រពន្ធ​និង​កូនតូចៗ​៣​នាក់ បាននាំគ្នា​ចេញទៅ​ដាក់មង​នៅ​ចំណុច​ខាងលើ ក្នុងពេល​នោះបាន​បើកកាណូត​បុក​សំបុក​ឪម៉ាល់​ក្នុងព្រៃ​រាំង​មួយ​ដោយ​មិនដឹង​ខ្លួន ធ្វើអោយ​សត្វ​ឪម៉ាល់​រាប់រយ​មេ​បានមក​ទិច​ពួកគាត់​ទាំង​៥​នាក់​នៅលើ​កាណូត​។​DSC05285

បន្ទាប់មក​គាត់​បាន​បើកកាណូត​ចេញពី​កន្លែងកើតហេតុ យ៉ាង​លំ​ ​បាក សំដៅ​មក​លំនៅដ្ឋាន​វិញ ពេលមកដល់​ពាក់កណ្តាល​ផ្លូវ​កូនស្រី​តូច​ជាង​គ​ឈ្មោះ​ ​វៀង ធី​វ៉ា អាយុ​២​ឆ្នាំ​បាន​ស្លាប់ ដោយសារ​កាណូត​គាត់​តូច​និង​មាន​ផ្លូវ​ឆ្ងាយ​ផង​នោះ ទើប​គាត់​មកដល់​មន្ទីរពេទ្យ​ខេត្ត​នៅវេលា​ម៉ោង​៨​យប់​។​ ​នៅក្នុង​អាគារ​សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​ខេត្ត គេ​ពិនិត្យឃើញ​ស្ត្រី​ឈ្មោះ វៀង ធី អាន់ អាយុ​២៣​ឆ្នាំ​ជា​ម្តាយ​, កុមារី​ឈ្មោះ វៀង ធី​ញុ​ង អាយុ​៧​ឆ្នាំ និង​កុមារា ឈ្មោះ វៀង យាំង​ធី អាយុ​៥​ឆ្នាំ ជា​កូនៗ​ដែល​ត្រូវ​សត្វ​ឪម៉ាល់​ទិច​ជាច្រើន​មេ រងគ្រោះ​ធ្ងន់ធ្ងរ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​ជីវិត​ជាបន្ទាន់​យ៉ាង​យកចិត្តទុកដាក់​។​ ​DSC05281

​នេះ​ជា​ករណី​ទី​២​ហើយ​ដែល​មនុស្ស​២​នាក់ បាន​ស្លាប់ (​កុមារា​អាយុ​១១​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃទី​១៣​មុននេះ​១​ថ្ងៃ​) និង​៤​នាក់​ទៀត​រងគ្រោះ​ដោយសារ​សត្វ​ឪម៉ាល់​ទិច​នៅក្នុង​សប្តាហ៍​នេះ និង​សូមបញ្ជាក់ថា កាលពី​ឆ្នាំមុន​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ក៏មាន​មនុស្ស​៣​នាក់​ផ្សេងទៀត​ត្រូវបាន​ស្លាប់​ដោយសារ​សត្វ​ឪម៉ាល់​ទិច​ផងដែរ​។​ ​ ​លោក​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​សូម​អំពាវនាវ​ថា​៖​បើ​មាន​ក្រុមគ្រួសារ​ត្រូវ​សត្វ​មាន​ពិស​ទិច ខាំ ឬ​ចឹក សូម​ក្រុមគ្រួសារ​បញ្ជូន​ជនរងគ្រោះ​មកកាន់​មន្ទីរពេទ្យ​ខេត្ត​អោយបាន​លឿន​បំផុត និង​ទាន់ពេលវេលា ទើប​គ្រូពេទ្យ​ខេត្ត​អាចជួយ​ចាក់​ថ្នាំបន្សាប​សង្គ្រោះ​ជីវិត​បាន បើ​យឺតយ៉ាវ​ទុកអោយ​ហួសពេល​យូរ គ្រូពេទ្យ​ពិតជា​បាក​នឹង​ជួយសង្គ្រោះ​ជីវិត​ណាស់​៕ ​ ​DSC05277